រោងចក្រផលិតសំបកកង់រថយន្តរបស់ចិននៅកម្ពុជា នឹងប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុកជិត ៥ពាន់តោនក្នុងមួយឆ្នាំ
អាជីវកម្ម May 23, 2023 Khmernote

កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) បានអញ្ជើញកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្ត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។

រោងចក្រផលិតសំបកកង់រថយន្តនេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារអាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេសចិន។

ទន្ទឹមនឹងនេះដែរ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត ៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។

គួរបញ្ជាក់ផងដែរថា នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត៕

អត្ថបទ៖ លីនី