គ្រំជំពុះទា មានទីផ្សារល្អទាំងនៅក្នុង និងក្រៅប្រទេស ក្នុងមួយថ្ងៃបាននាំចេញទៅថៃពី​២០ ទៅ ៥០តោន
អាជីវកម្ម May 18, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រជាសហគមន៍ប្រកបរបរចិញ្ចឹម និងលក់គ្រំជំពុះទា បានបញ្ជាក់ឱ្យដឹងថា គ្រំជំពុះទា បានកំពុងតែមានទីផ្សារនៅក្នុងស្រុក និងក្រៅប្រទេស តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់។ ទាំងរសជាតិ និងរូបរាងពណ៌ស្រស់ស្អាត គ្រំជំពុះទាភាគច្រើនមានវត្តមាន នៅក្នុងតំបន់ការពារសហគមន៍ពាមក្រសោបខេត្តកោះកុង ត្រូវបានប្រជាសហគមន៍នាំគ្នា ប្រកបរបរសម្រាប់ចិញ្ចឹមជីវិតដោយរកយកមកលក់ ធ្វើជាម្ហូបអាហារ រហូតដល់បានលក់ទៅ កាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

លោក វង្ស តារា ជាអ្នកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រំជំពុះទា នៅក្នុងភូមិ២ឃុំពាម ក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងថា «សព្វថ្ងៃនេះទីផ្សាគ្រំជំពុះទា មានភាពល្អប្រសើរ ដោយក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយធ្វើឱ្យអ្នកនៅភ្នំពេញ ឬអ្នកនៅតាមបណ្តាខេត្តនានា បានស្គាល់ និងកម៉្មង់ទិញ»។ លោកតារាបានឱ្យដឹងថា សព្វថ្ងៃនេះមានអតិថិជន ពីភ្នំពេញ និងតាមផ្សារបានកម៉្មង់ ដើម្បីយកទៅលក់បន្ត ដូចជានៅក្នុងម៉ាត ឬភោជនីយដ្ឋាន ដោយមួយថ្ងៃលក់បាន ប្រមាណចន្លោះពី២០០គីឡូ ទៅ៣០០គីឡូ (គ្រំមិនទាន់បក ឬកែច្នៃ)។ គ្រំដែលមិនទាន់កែច្នៃ ឬបករួចហើយ ក្នុងមួយគីឡូ ៣ពាន់រៀល ចំណែកកែច្នៃរួចហើយ១គីឡូ ៤ម៉ឺនរៀល។

លោកតារាក៏បានឱ្យដឹងទៀតថា សព្វថ្ងៃក្រៅពីធ្វើការកែច្នៃលក់នៅក្នុងទីផ្សារ ក្នុងស្រុក គ្រំជំពុះទាក៏បានលក់ទៅកាន់ទីផ្សារនៅក្រៅប្រទេស ដូចជាប្រទេសជិតខាង ដោយលក់ទាំងមិនទាន់កែច្នៃ។ លោកតារា ដែលបានប្រកបរបរចិញ្ចឹមគ្រំជំពុះទាអស់រយៈពេល ២៧ឆ្នាំមកហើយនេះ បានបញ្ជាក់ថា «យើងប្រមូលផលពីក្នុងទឹកមក គឺយើងលក់ទាំងរស់តែម្តងទៅប្រទេសជិត ខាងដូចជា ប្រទេសវៀតណាម និងថៃ ដោយមិនទាន់កែច្នៃទេ។ ដោយឡែក ពេលផ្ទុះជំងឺកូវីដ១៩ ធ្វើឱ្យទីផ្សារនៅក្រៅស្រុកមិនមាន ធ្វើឱ្យខ្ញុំងាកមកលក់នៅទីផ្សារក្នុងស្រុកវិញ»។ លោកបន្តថា កូវីដ១៩ ធ្វើឱ្យទីផ្សារម្ហូបក្រៀមៗ ដូច្នេះធ្វើឱ្យខ្ញុំកែច្នៃមកវេចខ្ចប់លក់ ទៅកាន់ទីផ្សារវិញ។ អីចឹងគ្រំជំពុះទានេះ មាន៤យ៉ាង លក់ទៅកាន់ទីផ្សាររួមមាន៖ លក់គ្រំស្រស់ ស្ងោរបក ស្ងោរបកមួយចំហៀង និងបកសាច់រួចហើយយកទៅឆាក្រៀម ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

លោកតារាក៏បានឱ្យដឹងថា ការចិញ្ចឹមគ្រំជំពុះទាត្រូវបានចំណាយពេលពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលបាន។ ការចិញ្ចឹមនេះមិនបានប្រើចំណីនោះទេ គឺបែបធម្មជាតិនៅក្នុងទឹក សមុទ្រតែម្តង។ ការចិញ្ចឹមគ្រំនេះដែរ កាលពីដើមឡើយ(ឆ្នាំ១៩៩៤) មានតែ ២ ឬ៣គ្រួសារ ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ មានការរីកចម្រើន ដែលសព្វនៅក្នុងសហគមន៍ តំបន់ការពារព្រៃធម្មជាតិមានចំនួន១២០គ្រួសារ ផ្ទៃដីប្រហែលជាង៦០ហិកតា។ បើតាមលោកតារា បានឱ្យដឹងគ្រំជំពុះទានេះ ក៏បានធ្វើឱ្យជីវភាពរីកចម្រើន និងបានជួយអភិរក្សព្រៃកោងកាង មិនដកហូតយកដូចពីមុននោះទេ។ ជាមួយគ្នានោះដែរលោកតារា បានអះអាងថា គ្រំជំពុះទាពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងដោយសារនៅក្នុងព្រៃតំបន់ សហគមន៍ពាមក្រសោម ត្រូវបានថែរក្សាការពារបាន១០០ភាគរយ គ្មានការកាប់បំផ្លាញ។

បើតាម លោក វង្ស តារា បានបញ្ជាក់ឱ្យដឹងថា សហគមន៍មានបំណងចង់ចុះម៉ាកសម្គាល់ ភូមិសាស្ត្រផងដែរ ដោយសារគ្រំជំពុះទាមានលក្ខខណៈពិសេស គឺនៅឃុំពាមក្រសោប មានពណ៌ស្រស់ស្អាតជាងគេ ហើយសហគមន៍ចង់ធ្វើការកែច្នៃទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ លោកតារាបានឱ្យដឹងថា ក្នុងមួយថ្ងៃនៅសហគមន៍ បានលក់គ្រំជំពុះទាបញ្ជូនទៅកាន់ ប្រទេសថៃចន្លោះពី២០ ទៅ៥០តោន ហើយចាប់ពីខែមករា ដល់ខែឧសភា សហគមន៍បាន លក់ទៅកាន់ទីផ្សារប្រទេសថៃ បានប្រហែល២ពាន់តោន ដោយក្នុងមួយតោនលក់ចេញទៅ ប្រទេសថៃ តម្លៃ១លានរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន