ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំមួយរបស់ចិន គ្រោងបង្កើតរោងចក្រនៅវៀតណាមផលិតរថយន្តនាំចេញទៅអាស៊ីអាគ្នេយ៍
អាជីវកម្ម May 15, 2023 Khmernote

ក្រុមហ៊ុនផលិតរថយន្ត BYD របស់ប្រទេសចិន នឹងបង្កើតមូលដ្ឋានផលិតរថយន្តអគ្គិសនី និងគ្រឿងបន្លាស់នៅក្នុងខេត្ត Phu Tho ប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទៅកាន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរ បើយោងតាមគេហទំព័ររដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា ប្រធានក្រុមហ៊ុនចិន លោក Wang Chuanfu បានប្រាប់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះថា ខ្លួននឹងវិនិយោគលើការផលិត និងដំឡើងរថយន្តអគ្គិសនី (EVs) ដោយប្រើបច្ចេកវិទ្យាល្អបំផុត។

ក្នុងឱកាសនោះ លោក Wang បានបន្ថែមថា BYD ក៏នឹងបង្កើតប្រព័ន្ធអេកូសម្រាប់ការផលិតរថយន្តអគ្គិសនី ហើយចង់ឱ្យរដ្ឋាភិបាលបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីពន្លឿនការវិនិយោគ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD ដែលជាយីហោរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន បច្ចុប្បន្នកំពុងសាងសង់រោងចក្រផលិតនៅក្រៅប្រទេសដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ។ យោងតាមការរាយការណ៍ របស់ Bloomberg ក្រុមហ៊ុន​ក៏​បាន​នឹង​កំពុង​ពិចារណា​លើ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី បន្ថែម​លើ​ប្រទេស​វៀតណាម​សម្រាប់​រោងចក្រ​ថ្មី​នេះ​ដែរ​។ កាលពីឆ្នាំមុន BYD បានវ៉ាដាច់ក្រុមហ៊ុនអាមេរិក Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV ដ៏ធំបំផុតនៅលើពិភពលោក ដោយបាននាំចេញរថយន្តចំនួន ១.៨៥ លានគ្រឿងនេះបើយោងតាមវេទិកាស្ថិតិអាល្លឺម៉ង់ Statista៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress