Google ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក បានមកស្វែងយល់ពីឱកាសចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា
អាជីវកម្ម May 3, 2023 Khmernote

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google បានមកសិក្សាស្វែងយល់ពីឱកាសដើម្បីចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក​ Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញសេចក្ដីមនស្សរីករាយ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។ លើសពីនេះ​លោកក៏បានបង្ហាញ នូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Yves Gonzalez ដែលបានបង្ហាញនូវស្មារតីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពដូចជា៖ (១) បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២ (2) រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល (៣) ជួយរៀបចំគោលនយោបាយ Cloud First Policy (៤) ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និង (៥)ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារ បន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។

ជាការឆ្លើយតបលោក Yves Gonzalez បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងធ្វេីការបន្តជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុ​ករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលបានលើកឡើង៕

អត្ថបទ៖ លីនី