ក្រុមហ៊ុន Samsung Electronics ប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុត ក្នុងរយៈពេល ១៤ឆ្នាំ
អាជីវកម្ម April 28, 2023 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNexpress បានឱ្យដឹងថា ក្រុមហ៊ុន Samsung Electronics កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤ឆ្នាំមក។

ចំពោះការធ្លាក់ចុះនេះ ក្រុមហ៊ុនបានលើកឡើងថា គឺដោយសារ ការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់លើគ្រឿងអេឡិចត្រូនិក និងបញ្ហាមីក្រូឈីបនៅលើសកលលោក ដែលប៉ះពាល់ដល់អាជីវកម្ម អង្គចងចាំស្នូល (core memory) របស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រុមហ៊ុនផលិតបន្ទះឈីប និងស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះដល់ ៦៤០ ពាន់លានវ៉ុន (៤៧៨.៦ លានដុល្លារ) ធ្លាក់ចុះ ៩៥% បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ ប្រាក់ចំណូលសុទ្ធនៅត្រីមាសទីមួយរបស់ក្រុមហ៊ុន បានធ្លាក់ចុះ ៨៦.១% មកនៅត្រឹម ១.៥៧ ពាន់ពាន់លានវ៉ុន (ប្រមាណ ១.១៧ពាន់លានដុល្លារ) ហើយការលក់បានធ្លាក់ចុះ ១៨% មកនៅត្រឹម ៦៣.៧៥ ពាន់ពាន់លានវ៉ុន (ប្រមាណ ៤៧.៥ពាន់លានដុល្លារ)។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Samsung Group ដែលបច្ចុប្បន្នគឺជាក្រុមហ៊ុនធំជាងគេក្នុងចំណោមក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress