ប្រាក់ចំណូលរបស់ក្រុមហ៊ុនផ្ដល់អាហារតាមអាកាសមួយ កើនឡើងយ៉ាងគំហុកដោយសារការលក់តែទឹកដោះគោ (milk tea)
អាជីវកម្ម April 25, 2023 Khmernote

ក្រុមហ៊ុនផ្ដល់អាហារតាមអាកាស Noibai Catering Services រកចំណូលបានជិត ២២ពាន់លានដុង (៩៣៦,៩៤៧ដុល្លារ) ពីការលក់តែទឹកដោះគោ (milk tea) កាលពីឆ្នាំមុន ស្មើនឹងជាង ៦៣% នៃការលក់អាហារសរុបនៅលើជើងហោះហើរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនបាន​ឱ្យដឹងថា ក្រុមហ៊ុនបានដាក់លក់តែទឹកដោះគោ (milk tea) នៅលើបញ្ជីជើងហោះហើរក្នុងខែកក្កដា ឆ្នាំ២០២២។ ភេសជ្ជៈមួយប្រភេទរបស់ NCS នេះ មាននៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងតម្លៃ ៥០,០០០ ដុងក្នុងមួយកែវ និងនៅលើជើងហោះហើរផ្សេងទៀតតាមរយៈក្រុមហ៊ុនផ្តល់ម្ហូបអាហារតាមក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចជា VACS និង MASCO ជាដើម។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Noibai Catering Services បានខាតបង់ប្រាក់ចំណូលអស់រយៈពេល ២ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែចូលដល់ឆ្នាំ២០២៣ ប្រាក់ចំណូលក្រុមហ៊ុនបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដោយប្រាក់ចំណូលនៅត្រីមាសទីមួយបានកើនឡើង ២.៥ដងពីមួយឆ្នាំទៅមួយឆ្នាំដល់ ១៥០ពាន់លានដុង ដោយសារតែទីផ្សារអាកាសចរណ៍បានងើបឡើងវិញទាំងស្រុង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress