Meta ក្លាយជាក្រុមហ៊ុន Big Tech ដំបូងគេដែលកាត់បន្ថយបុគ្គលិកជាលើកទី២ ក្រោយកាត់បន្ថយបុគ្គលិកបន្ថែមទៀតកាលពីម្សិលមិញ
អាជីវកម្ម April 20, 2023 Khmernote

ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook កាលពីថ្ងៃពុធ ទី១៩ ខែមេសា ម្សិលមិញនេះ បានអនុវត្តការកាត់បន្ថយការងារមួយជុំទៀត ដែលលើកនេះប៉ះពាល់ដល់វិស្វករ និងក្រុមបច្ចេកវិទ្យា ខណៈដែលនាយកប្រតិបត្តិ Mark Zuckerberg បានធ្វើការផ្លាស់ប្ដូរបន្ថែមទៀត ដើម្បីធ្វើឱ្យអាជីវកម្មនៅឆ្នាំ២០២៣នេះ កាន់តែល្អប្រសើរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia

តាមប្រភពខាងលើ នៅក្នុងខែមីនា ឆ្នាំ២០២៣ នេះ Meta បានក្លាយជាក្រុមហ៊ុន Big Tech ដំបូងគេដែលប្រកាសពីការបញ្ឈប់ការងារជាលើកទី២ ដែលក្រុមហ៊ុនបាននិយាយថា នឹងត្រូវអនុវត្តជាបីក្រុមសំខាន់ៗក្នុងរយៈពេលជាច្រើនខែ និងប៉ះពាល់ដល់បុគ្គលិកចំនួន ១០,០០០នាក់។

ជាមួយគ្នានេះដែរ ការកាត់បន្ថយនេះ បានធ្វើឱ្យបុគ្គលិកមានការខកចិត្តយ៉ាងខ្លាំង បើទោះបីជាបានដឹងមុនក៏ដោយ។ យ៉ាងណាមិញចំពោះបញ្ហានេះ ក្រុមហ៊ុន Meta បានបដិសេធសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយ។ គួរបញ្ជាក់ផងដែរថា ជុំទីមួយនៃការបញ្ឈប់ការងាររបស់ Meta នៅរដូវស្លឹកឈើជ្រុះ បានប៉ះពាល់ដល់បុគ្គលិកជាង ១១,០០០នាក់ ឬ ១៣ភាគរយនៃកម្លាំងការងាររបស់ខ្លួននៅពេលនោះ ហើយបាននាំមុខក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដែលកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia