ក្រុមហ៊ុនចំនួន ២ សម្រេចបោះទុនសរុបជិត ៣៨លានដុល្លារ អភិវឌ្ឍន៍លើកោះចំនួន ២ នៅកម្ពុជា
អាជីវកម្ម April 17, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ថ្មីៗនេះ បានឱ្យដឹងថា មានក្រុមហ៊ុនចំនួន ២ បានមកបោះទុនវិនិយោគអភិវឌ្ឍន៍លើកោះនៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ក្រោមទុនវិនិយោគសរុបចំនួន ៣៧.៧លានដុល្លារ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” លើគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។

ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “G.T.V.C IMPORT EXPORT CO., LTD” លើគម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៩កន្លែង ផងដែរ៕

អត្ថបទ៖ លីនី