ដំណឹងល្អ! ក្រុមហ៊ុនធំ១ បោះទុនជាង ៧៣លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅខេត្តក្រចេះ
អាជីវកម្ម April 17, 2023 Khmernote

ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ តម្លៃជាង ៧៣លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” លើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។

ជាមួយគ្នានេះនោះដែរ ក្រៅពីគម្រោងយក្សខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៤ទៀត ក្នុងនោះរួមមាន៖

១- “RITHY RUBBER (CAMBODIA) CO., LTD” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។
២- “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
៣- “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។
៤- “EBELNO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា