ក្រុមហ៊ុន Tesla បានចុះហត្ថលេខាសង់​រោងចក្រផលិតថ្ម នៅទីក្រុងសៀងហៃ
អាជីវកម្ម April 10, 2023 Khmernote

ក្រុមហ៊ុន Tesla Inc នឹងបើករោងចក្រមួយក្នុងទីក្រុងសៀងហៃ ដើម្បីផលិតថ្ម Megapack ដែលនឹងបន្ថែមទិន្នផលដល់រោងចក្រផលិតថ្មមួយប្រភេទនេះដែរនៅរដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua ។

យោងតាមប្រភពខាងលើ បានឱ្យដឹងថា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានចុះហត្ថលេខានៅទីក្រុងសៀងហៃ ដើម្បីសាងសង់រោងចក្រផលិតថ្ម ដែលមានសមត្ថភាពផលិតបានមួយម៉ឺន Megapack ក្នុងមួយឆ្នាំ ស្មើនឹងប្រហែល ៤០ ជីហ្គាវ៉ាត់ម៉ោង (gigawatt hours) នៃការផ្ទុកថាមពលដែលត្រូវលក់នៅទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថា រោងចក្រនេះ នឹងចាប់ផ្តើមសាងសង់រនៅត្រីមាសទីបីឆ្នាំនេះ ហើយចាប់ផ្តើមផលិតនៅត្រីមាសទីពីរនៃឆ្នាំ២០២៤។ ជាមួយនឹងរោងចក្រសៀងហៃថ្មី Tesla នឹងទាញយកអត្ថប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់ថ្មឈានមុខគេក្នុងពិភពលោករបស់ប្រទេសចិន ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយការចំណាយលើដុំថ្មលីចូម-អ៊ីយ៉ុង Megapack របស់ខ្លួន ដើម្បីបំពេញតម្រូវការកើនឡើងនៃការផ្ទុកថាមពលទូទាំងពិភពលោក នៅពេលដែលពិភពលោកផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress