Apple បើកហាងលក់រាយដំបូងរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា
អាជីវកម្ម April 6, 2023 Khmernote

កាលពីថ្ងៃពុធ ក្រុមហ៊ុន Apple Inc បានបង្ហាញពីរូបរាងហាងលក់រាយដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយហាងនេះត្រូវបានរចនាឡើងមានគំនូរពណ៌ខ្មៅ និងពណ៌លឿង ដូចទៅនឹងតាក់ស៊ីដ៏ល្បីល្បាញរបស់ទីក្រុងបុមបៃ។ បើតាមប្រភពដែលបានដឹងរឿងរបស់ Apple បានប្រាប់សារព័ត៌មានរបស់ Reuters ថា ហាងនេះកំពុងស្ថិតក្នុងការរៀបចំ ហើយអាចនឹងបើកដំណើរការនៅក្នុងខែនេះ។

ជាមួយគ្នានេះដែរ ហាងលក់រាយដំបូងគេនេះ មានទីតាំងនៅក្នុងផ្សារទំនើប Reliance Jio World Drive ដែលជាកន្លែងលក់សំលៀកបំពាក់ប្រណិតៗ និងគ្រឿងអលង្ការម៉ាកល្បីៗដូចជា Michael Kors, Kate Spade និង Swarovski។ Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើតាក់ស៊ីពណ៌លឿង និងខ្មៅ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ទីក្រុងនេះថា ហាងដែលមានពន្លឺភ្លឺចែងចាំងនេះ ត្រូវបានបំផុសគំនិតដោយ រចនាបទរបស់តាក់ស៊ី Kaali Peeli ដែលមានតែមួយគត់នៅទីក្រុងបុមបៃ។

គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌា បានក្លាយជាទីផ្សារដ៏ធំមួយសម្រាប់ក្រុមហ៊ុន Apple ដែលបានបើកដំណើរការហាងលក់រាយតាមអ៉ីនធឺណិតនៅក្នុងទីផ្សារស្មាតហ្វូនធំទីពីររបស់ពិភពលោកក្នុងឆ្នាំ២០២០។ ប្រទេសឥណ្ឌា ក៏កំពុងក្លាយជាមូលដ្ឋានផលិតកម្មកាន់តែខ្លាំងឡើងផងដែរ ជាមួយនឹងផលិតផល Apple មួយចំនួន រួមទាំង iPhones ដែលប្រមូលផ្តុំក្នុងប្រទេសដោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់តៃវ៉ាន់ Foxconn និង Wistron Corp។ លើសពីនេះ Apple ក៏មានគម្រោងដំឡើង iPad និង AirPods នៅក្នុងប្រទេសឥណ្ឌាផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress