ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីសេចក្ដីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ក្រុមហ៊ុន CamGSM PLC ដែលគេស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍ Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនរបស់ខ្មែរ។
ផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ខ្លួនបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជាបាន ក្រុមហ៊ុន Cellcard ត្រូវតែទទួលបានការអនុញ្ញាតឲ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផ្សារមូលបត្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនទីពីរ ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាក្រុមហ៊ុនទីប្រាំបួន ដែលគ្រោងនឹងចុះបញ្ជីនៅទីផ្សារគោលរបស់ ផ្សារមូលបត្រកម្ពុជាផងដែរ។ គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Cellcard ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលផ្តល់សេវា ទូរគមនាគមន៍ឈានមុខមួយ ក្នុងប្រទេសកម្ពុជា រួមមានផ្នែកដំឡើង និងដំណើរការឧបករណ៍ និងគ្រឿងចក្រទាំងអស់ ដែលប្រើប្រាស់ពាក់ព័ន្ធនឹងប្រតិបត្តិការនៃបណ្ដាញទូរស័ព្ទចល័ត GSM ។ បច្ចុប្បន្នក្រុមហ៊ុនមានហាងលក់រាយចំនួន ៥២ទីតាំង បណ្ដាញចែកចាយចំនួន ២៩ ០០ទីតាំង និងមានទីតាំង Cell Site គ្របដណ្តប់ទូទាំងប្រទេសចំនួនប្រមាណជា ៣០០០ កន្លែង៕


អត្ថបទ៖ លីនី


