ក្រុមហ៊ុនលក់រាយល្បីៗរបស់ជប៉ុន កំពុងពង្រីកខ្លួននៅក្នុងប្រទេសវៀតណាម ផ្ដោតលើអ្នកប្រើប្រាស់ដែលជាអ្នកមានទ្រព្យ
អាជីវកម្ម March 22, 2023 Khmernote

ក្រុមហ៊ុនលក់រាយល្បីៗរបស់ជប៉ុន កំពុងពង្រីកខ្លួននៅក្នុងប្រទេសវៀតណាមដោយបើកហាងជាច្រើនទីតាំង ហើយផ្ដោតទៅលើអ្នកប្រើប្រាស់ដែលជាអ្នកមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

តាមសារព័ត៌មានខាងលើ ក្រុមហ៊ុនលក់រាយល្បីៗទាំងនោះមានដូចជា ក្រុមហ៊ុន Uniqlo , MUJI និង Aeon ។ ក្រុមហ៊ុន Uniqlo ដែលឈាន់ជើងចូលទីផ្សារវៀតណាមកាលពី ៣ឆ្នាំមុន បានប្រកាសផែនការពង្រីកអាជីវកម្មនៅក្នុងខេត្ត Binh Duong ភាគខាងត្បូង ខណៈបច្ចុប្បន្នយីហោនេះ មានហាង ១៥ នៅក្នុងប្រទេស។

ក្រៅពី Uniqlo ក្រុមហ៊ុន Aeon ក៏បានចាប់ផ្តើមសាងសង់ផ្សារទំនើបទី៧ របស់ខ្លួននៅវៀតណាមផងដែរ ក្នុងតម្លៃ ១៦៩.៦៧ លានដុល្លារ ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុតនៅទីក្រុង Hue ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុនមួយទៀតឈ្មោះថា MUJI ក៏បានបើកហាងថ្មីរបស់ខ្លួននៅតំបន់ Thu Duc នៃទីក្រុងហូជីមិញផងដែរ។

គួរបញ្ជាក់ផងដែរថា ការស្ទង់មតិអាជីវកម្មនាពេលថ្មីៗនេះដោយអង្គការលើកកម្ពស់ពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន បានរកឃើញថា ១០០% នៃអាជីវកម្មលក់រាយរបស់ជប៉ុននៅក្នុងប្រទេសវៀតណាមរំពឹងថា ប្រាក់ចំណេញនឹងកើនឡើងនៅឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress