មានដីកុំទុកទំនេរចោល! កសិករមួយរូបនៅខេត្តពោធិ៍សាត់ ច្នៃដី ៤៥០ម៉ែត្រការ៉េ ដាំដុះបន្លែនិងដំណាំរួមផ្សំ ៤៦មុខ​ រកចំណូលបានច្រើនគួរសមក្នុងមួយខែៗ
អាជីវកម្ម March 22, 2023 Khmernote

កសិករមួយរូបនៅក្នុងខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន ៤៦មុខ និងអាចលក់បាន ចំណូលជាមធ្យម ៤៥០.០០០ រៀល/១ខែ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារ បានចុះពិនិត្យការដាំដុះបន្លែ និងដំណាំរួមផ្សំច្រើនប្រភេទក្នុងដីលំនៅដ្ឋាន ដែលប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពរបស់កសិករឈ្មោះ ទុយ មន្នី ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិអូរការ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាមការលើកឡើងរបស់លោកពូ ឈ្មោះ ទុយ មន្នី គាត់បានដាំបន្លែ និងដំណាំរួមផ្សំលើផ្ទៃដី ៤៥០ម៉ែត្រការ៉េ ចំនួន៤៦ មុខ ក្នុងនោះរួមមាន ដំណាំប្រភេទស្ពៃ ៧ប្រភេទ ត្រកួនចិន ខាត់ណាដើម សាឡាត់ ជីគ្រប់មុខ ៧ប្រភេទ ត្រប់វែង ស្លឹកខ្ទឹម ម្រះ ប៉េងប៉ោះ ននោង ត្រាវ ម្ទេស ស្លឹកគ្រៃ ម្តេង ក្តាត និងប្រភេទដំណាំរយៈពេលខ្លីផ្សេងទៀតជាច្រើនមុខ។

ការដាំបន្លែ និងដំណាំរួមផ្សំទាំងនោះ ប្រើប្រាស់សំភារៈដូចជា៖ ធុងស្នោ ក្រងឬស្សី និង លើកដីធ្វើជារងតាមបណ្តោយរបងផ្ទះ និងដាំឱ្យវាតោងរបង ឬធ្វើទ្រើងបន្ទាប់បន្សំ ការប្រើប្រាស់ជីលាមកគោ និងជីកំប៉ុស្ត។

លោកពូក៏បានបន្ថែមថា គាត់ដាំបន្តរហូតពេញរយៈពេល១ឆ្នាំ និងផលបន្លែរបស់គាត់អាចលក់បាន ចំណូលជាមធ្យមបាន ៤៥០.០០០ រៀលក្នុង១ខែ។ នៅក្នុងភូមិរការ ក៏មានការសាយភាពការដាំដុះបន្ត ចំនួន១០គ្រួសារបន្ថែមទៀត បន្ទាប់ពីប្រជាជនក្នុងភូមិយល់ឃើញថាសកម្មភាពនេះល្អ អាចរកចំណូលបានបន្ថែមជាពិសេសងាយស្រួលអនុវត្តតាម នៅតាមលំនៅដ្ឋានរបស់ពួកគាត់ និងអាចទទួលបានបន្លែ គ្រប់ប្រភេទ សុវត្ថិភាព និងជួយដល់ការលើកកំពស់អាហារូបត្ថម្ភ បានមួយកំរិតថែមទៀត។ ឆ្លៀតពេលនេះដែរក្រុមការងារបានផ្តល់គ្រាប់ពូជ ចំនួន១ កញ្ចប់ធំ ស្មើនឹង១០កញ្ចប់តូច និង សៀវភៅឯកសារ បច្ចេកទេស ដំណាំស្ពៃក្តោប ដំណាំត្រប់ ក្រូចឆ្មារ ប៉េងប៉ោះ និងត្រឡាច ចំនួន០៥ក្បាល៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ