មេធំក្រុមហ៊ុន Samsung នៅវៀតណាម អះអាងមិនផ្លាស់ប្ដូរផលិតកម្មពីវៀតណាមទៅឥណ្ឌាទេ និងវិនិយោគនៅវៀតណាមរយៈពេលវែង
អាជីវកម្ម March 20, 2023 Khmernote

អគ្គនាយកក្រុមហ៊ុន Samsung Vietnam Complex លោក Choi Joo Ho បាននិយាយថា ក្រុមហ៊ុននេះនឹងមិនផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មស្មាតហ្វូនពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌានោះទេ។ អគ្គនាយករូបនេះ បានលើកឡើងដូច្នេះ បន្ទាប់ពីសារព័ត៌មាន The Korea Herald បានដកស្រង់ប្រភពមួយកាលពីខែមុនដោយនិយាយថា ក្រុមហ៊ុន Samsung Electronics បានសម្រេចចិត្តផ្លាស់ប្តូរការផលិតម៉ូដែលស្មាតហ្វូនរបស់ខ្លួនជាបណ្តើរៗទៅកាន់ប្រទេសឥណ្ឌា រួមទាំងទូរស័ព្ទដែលផលិតនៅប្រទេសវៀតណាមផងដែរ។

សារព័ត៌មានខាងលើ ក៏បានលើកឡើងទៀតថា ការផ្លាស់ប្ដូរនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការខូចខាតពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន និងជ្រៀតចូលកាន់តែជ្រៅទៅក្នុងសេដ្ឋកិច្ចទីប្រាំរបស់ពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ លោក Choi បានបដិសេធព័ត៌មាននេះ ដោយបានបញ្ចាក់ថា នៅប្រទេសវៀតណាម ម៉ូដែលទូរស័ព្ទត្រូវបានផលិត និងនាំចេញទៅកាន់ប្រទេសចំនួន ១២៨ ជុំវិញពិភពលោក។

លោកក៏បានបន្ថែមថា ក្រុមហ៊ុននេះបានប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែងនៅខេត្ត Thai Nguyen ហើយថ្មីៗនេះបានបង្កើនដើមទុនជិត ១.២ ពាន់លានដុល្លារទៅក្នុងរោងចក្រ Samsung Electro-Mechanics Vietnam ដែលបង្កើនទុនវិនិយោគសរុបរបស់ក្រុមហ៊ុន Samsung នៅក្នុងខេត្តនេះដល់ ៧.៥ ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មបង្ហាញថា Samsung រកចំណូលបាន ២៣៤ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើងជាង ៨% ពីឆ្នាំ២០២១។ រោងចក្រចំនួនបួននៅក្នុងប្រទេសវៀតណាមបានរួមចំណែក ៣០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន និងបង្កើតប្រាក់ចំណេញប្រហែល ៤.៦ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress