យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មុខរបរកែច្នៃស្លឹកត្នោតនិងកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃរបស់ស្រ្តីក្នុងស្រុកអង្គរធំអាចរកប្រាក់ចំណូលបន្ថែមបានយ៉ាងច្រើនប៉ុណ្ណោះទេ ជាពិសេសគឺអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូនចៅនៅផ្ទះសម្បែងថែមទៀតផង។

លោកស្រី សាយ យ៉ុង ជាអ្នកកែច្នៃស្លឹកត្នោតនិងកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ ស្ថិតនៅ ភូមិកណ្ដុល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកស្រីបានចាប់យកការកែច្នៃស្លឹកត្នោតដោយដៃទៅជាវត្ថុអនុស្សាវរីយ៍នេះអស់រយៈពេល២ឆ្នាំមកហើយដើម្បីអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោកស្រីបានបន្តថា ការកែច្នៃស្លឹកត្នោត និងកំប្លោកនេះ គឺមាន ផលលំបាកច្រើនដោយសារយើងត្រូវប្រើរយៈពេលយូរក្នុងការហាលឲ្យស្ងូតនិងត្រូវមានលាយពណ៌បន្ថែមសម្រាប់វេញជាម៉ូតធ្វើឲ្យមានភាពស្រស់ស្អាត។ក្នុងនោះដែរសម្រាប់ជំនាញក្នុងការកែច្នៃនេះដែរគឺលោកស្រីបានរៀនតាមពីឪពុក ម្ដាយ និងបានរៀនសូត្រពីអង្គការបន្ថែមទៀត ដើម្បីឲ្យកាន់តែស្ទាត់ ជំនាញ។
លោកស្រីបានបន្ថែមថា បច្ចុប្បន្នលោកស្រីបានទទួលការកម្ម៉ង់ច្រើនពីអតិថិជននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងពិធីមង្គលការ និងយកទៅតាំងលម្អក្នុងគេហដ្ឋាន។លោកស្រីបានបញ្ជាក់បន្ថែមថា ការចាប់របរកែច្នៃស្លឹកត្នោត នឹងកំប្លោកយកមកធ្វើជាវត្ថុអនុស្សាវរីយ៍គឺជាជំនាញមួយដ៏ល្អសម្រាប់ស្រ្តីដែលគាត់នៅផ្ទះ ពីព្រោះមិនត្រឹមតែអាចរកប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គត់គ្រួសារប៉ុណ្ណោះទេ ជាពិសេសនោះគឺយើងអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលកូន និងថែទាំផ្ទះសម្បែង អាចជួបជុំគ្រួសារបាន ដោយមិនចាំបាច់ទៅធ្វើការឆ្ងាយពីគ្រួសារ។
សំឡេង(សំខាន់គឺល្អបំផុត វាចំណេញត្រង់ថាពេលយើងត្បាញ វា យើងមានពេលវេលាមើលទាំងកូនមើលទៅផ្ទះសម្បែង ហើយយើងមានការងារធ្វើ យើងមានចំណូលបន្ថែម នៅលើការធ្វើការ ហើយជាការងារមួយសម្រាប់ដែលយើងជាមនុស្សស្រី យើងនៅផ្ទះមើលកូន យើងអាចឆ្លៀតពេលមើលថែផ្ទះដាំបាយ សំខាន់បំផុតគឺយើងបានរកចំណូល តិចតួចប៉ុន្តែយើងរកបានរាល់ថ្ងៃ)។
លោកស្រីសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមិនថាជិតឆ្ងាយជួយគាំទ្រ ផលិតផលខ្មែរដែលស្រ្តីធ្វើដោយដៃផ្ទាល់ឲ្យបានច្រើនដើម្បីជួយលើកទឹកចិត្តស្រ្តីទាំងអស់ដែលគាត់មានជំនាញក្នុងការផលិតនិងកែច្នៃ អាចឲ្យគាត់មានលទ្ធភាពក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថា លោកស្រី សាយ យ៉ុង បានកែច្នៃស្លឹកត្នោត និង កំប្លោកធ្វើជាវត្ថុអនុស្សាវរីយ៍នេះរួមមាន: មួក កន្ទេល ការបូមស្លឹកត្នោត និងកាបូបកំប្លោក ដែលមានតម្លៃចាប់ពី ៤០០០រៀល រហូតដល់ ១៦០០០០រៀល៕
ប្រភព៖ ក្រសួងព័ត៌មាន