ក្រុមហ៊ុនអាមេរិកចំនួន ១៥ បង្ហាញបំណងគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ដើម្បីផ្ដល់សេវាជូនពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ
អាជីវកម្ម February 28, 2023 Khmernote

ជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ ខណៈមានក្រុមហ៊ុនអាមេរិកចំនួន ១៥ បង្ហាញបំណងគាំទ្រ ផ្នែក Digital Health និង Healthcare Financing ការបង្កើតច្បាប់សុខាភិបាល ការគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងគម្រោងផ្សេងៗទៀតសំដៅផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ។

គោលបំណងនេះ ត្រូវបនបង្ហាញនៅក្នុងពិភាក្សាការងារ កាលពីព្រឹកថ្ងៃ​ចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយឯកឧត្តម Ambassador Michael W.Michalak, Senior Vice President and Regional Managing Director Head of Mission, US-ASEAN ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនអាមេរិកចំនួន ១៥បានចូលរួម។

ក្នុងជំនួបនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័សសម្រាប់ការអភិវឌ្ឍន៍ប្រទេសឡើងវិញ។

លោកជំទាវបានថ្លែងអំណរគុណសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលក្នុងការគ្រប់គ្រប់ការរាតត្បាតនៃជំងឺកូវីដ-១៩នាពេលកន្លងមករហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សុខភាព និងការវិនិយោគត្រូវតែដើរទន្ទឹមគ្នាដើម្បីធានានូវនិរន្តរភាពនៃការអភិវឌ្ឍ។

លោកជំទាវបានបញ្ជាក់ជូនគណៈប្រតិភូអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផ្ទាល់ អំពីការស្វាគមន៍រាល់ការវិនិយោគក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់នូវសេវាសុខភាពដែលមានគុណភាពដល់ប្រជាពលរដ្ឋទូទៅ។ បច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសាកល ហេីយក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រេីនទៀតដូចជាជំងឺឆ្លង ជំងឺមិនឆ្លង អាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងសុខភាពមាតានិងទារក សំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះ។ ការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាលតាមរយៈ Digital Health នឹងជម្រុញអោយការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ កិច្ចការនេះ ទាមទារឱ្យមានការវិនិយោគបន្ថែមលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល។

ជាកិច្ច ឆ្លើយតប គណៈប្រតិភូបានថ្លែងអបអរសាទរដោយក្តីកោតសរសេីរ​ប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបង្ហាញពីបំណងដែលចង់គាំទ្រផ្នែក Digital Health និង Healthcare Financing ការបង្កើតច្បាប់សុខាភិបាល ការគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងគម្រោងផ្សេងៗទៀតសំដៅផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រ