រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តឱ្យកសិករនៅតំបន់ជិតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដាំស្មៅលក់ឱ្យកសិដ្ឋាន
អាជីវកម្ម February 24, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ត ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យកសិករនៅតំបន់ជិតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ដាំស្មៅលក់ឱ្យកសិដ្ឋាន ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញកសិដ្ឋានកសិកម្មទំនើបនេះ មានសម្ទុះទៅមុខប្រកបដោយសក្តានុពល ខណៈប្រទេសកម្ពុជាកំពុងឈានឆ្ពោះរកកសិកម្មបែបសម័យថ្មី។

ការជំរុញលើកទឹកចិត្តនេះ អំឡុងពេល ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទៅកាន់កសិដ្ឋានគិរីសួគ៌ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ កសិដ្ឋានគិរីសួគ៌ស្ថិតនៅ ភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កំពុងចិញ្ចឹមគោយកទឹកដោះប្រមាណ៩០០ក្បាល គ្រោងនឹងពង្រីកបន្ថែមឱ្យដល់២ពាន់ទៅ៣ពាន់ក្បាលបន្ថែមទៀត ។ទន្ទឹមនេះ កសិដ្ឋាន ត្រូវការប្រជាពលរដ្ឋជុំវិញតំបន់វិនិយោគចិញ្ចឹមគោយកទឹកដោះនេះដែលមានដីធំចូលរួមដាំដុះ ស្មៅ ពោត លក់ឱ្យកសិដ្ឋានសម្រាប់យកទៅផ្គត់ផ្គង់ចំណីគោ។

ឯកឧត្ត ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា«ខ្ញុំមិនចង់ឱ្យមានកសិកម្មទំនើបមួយតែឯងចឹងទៅ ដល់ពេលជុំវិញហ្នឹង កសិករធ្វើការងារតាមរបៀបបុរាណហើយមិនចូលគ្នា តាមពិតនៅពេលយើងធ្វើការពិនិត្យជាមួយគ្នាសិក្សាឱ្យច្បាស់អំពីតម្រូវការផ្សេងៗ យើងនឹងរកឃើញនៅឱកាសសម្រាប់ទាំងអស់គ្នាចំណេញទាំងអស់គ្នាឱកាសទាំងអស់នោះគឺការធ្វើការសហការគ្នា ហើយយើងមិនមានដីសម្បទានផ្ដល់ឱ្យបន្តទៀតទេ ក៏ប៉ុន្តែកសិករផ្សេងៗក៏អាចចូលរួមចំណែកជាមួយការពង្រីកនៅក្នុងច្រវាក់ផលិតកម្មផ្សេងៗ តាមរយៈការធ្វើកិច្ចសន្យាដាំដុះស្មៅតាមកិច្ចសន្យា ហើយរក្សាដីខ្លួនឯង រក្សាទ្រពសម្បត្តិខ្លួនឯងបានដែរ»។

បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៌ បានពិភាក្សាជាមួយសហគមន៍កសិករខ្លះហើយ។ ព្រមជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានគាំទ្រគម្រោងសហការឱ្យកសិករដាំស្មៅលក់ឱ្យកសិដ្ឋាននេះ ដើម្បីភាពរីកចម្រើនទាំងអស់គ្នាក្នុងមូលដ្ឋាន ជាជាងទុកដីទំនេរចោល។

ឯកឧត្ត ឌិត ទីណា បានថ្លែងបន្តថា «យើងអាចឱ្យកសិករជុំវិញនេះទទួលបានផលប្រយោជន៍ពីការវិនិយោគនេះដូចគ្នា ប៉ុន្តែចំណុចសំខាន់គឺការកសាងទំនុកចិត្តនេះមុន ខ្ញុំនឹងធ្វើការងារនេះសម្រាប់ទៅមុខ មិនមែនតែនៅក្នុងកសិកដ្ឋាននេះមួយទេ ប៉ុន្តែការកសាងទំនុកចិត្តនេះនៅពេលដែលប្រជាពលរដ្ឋយើងអាចសហការជាមួយគ្នាហើយទុកចិត្តក្រសួងកសិកម្មក្នុងការជួយសម្របសម្រួលធានាទំនុកចិត្តហ្នឹង ដោយធ្វើការជាមួយគ្នាមិនបាត់ដីទេ មិនមានអ្នកកេងផលប្រយោជន៍ពីលើការចុះកិច្ចសន្យានេះទេ»។

បើតាមម្ចាស់កសិដ្ឋានគិរីសួគ៌ ការដាំស្មៅម៉ុមបាសាម្ដង ច្រូតបាន៥ឆ្នាំដោយ១ឆ្នាំច្រូតលក់បាន៦ដង។ ចំណុចពិសេសនេះហើយដែល រដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់ឱ្យកសិករពិភាក្សាពីវិធីសាស្ត្រដាំដុះ និងកិច្ចសហការជាច្រើនទៀតជាមួយម្ចាស់កសិដ្ឋាន ងាកមកដាំដុះស្មៅលក់ឱ្យកសិដ្ឋានដើម្បីទទួលបានផលប្រយោជន៍រីកចម្រើនទាំងអស់គ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន