រថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុនចិន ដែលលក់ដាច់បំផុតនៅលើពិភពលោក នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម
អាជីវកម្ម February 20, 2023 Khmernote

រថយន្តអគ្គិសនីខ្នាតតូច Wuling Hongguang Mini ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសាជីវកម្ម TMT Motors របស់វៀតណាម និង SGMW ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Motors របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន SAIC និង Wuling របស់ចិន រថយន្ត Wuling Hongguang Mini នឹងដំឡើងរថយន្តនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Hung Yen ភាគខាងជើង ហើយលក់ចែកចាយ។

ចាប់តាំងពីដាក់ដំណើរការលក់ជាលើកដំបូងក្នុងខែកក្កដា ឆ្នាំ២០២០ រថយន្ត Wuling Hongguang Mini EV បានក្លាយជារថយន្តអគ្គិសនីខ្នាតតូចដែលលក់ដាច់ជាងគេបំផុតលើពិភពលោក ដោយពាក់កណ្តាលនៃការលក់របស់ចំនួន ១.១ លានគ្រឿងគឺនៅក្នុងប្រទេសចិន។

នៅក្នុងទីផ្សារប្រទេសចិន Wuling Hongguang Mini EV មានបួនប្រភេទដែលមានតម្លៃចាប់ពី ៤,៨០០ដុល្លារ-១៤,៧០០ដុល្លារ។ ចំនែកនៅអាស៊ីអាគ្នេយ៍វិញ រថយន្តនេះត្រូវបានដាក់លក់នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែមិថុនាឆ្នាំមុនក្នុងតម្លៃ ១៦,៧០០-២០,០០០ ដុល្លារ។ ជាមួយគ្នានេះដែរ តម្លៃរថយន្តនេះនៅក្នុងប្រទេសនីមួយៗគឺមានភាពខុសគ្នា អាស្រ័យលើការឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GM ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងបីនៅសហរដ្ឋអាមេរិក ខណៈ Wuling គឺជាក្រុមហ៊ុនផលិតរថយន្តធំទីពីរនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុន SAIC (Shanghai Automotive Industry Corporation) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរថយន្តរដ្ឋ “Big Four” របស់សៀងហៃ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress