មហាសេដ្ឋី Elon Musk បិទការិយាល័យរបស់ Twitter នៅឥណ្ឌាចំនួន ២ បន្ទាប់ពីបានបណ្ដេញបុគ្គលិកចេញជាង ៩០%
អាជីវកម្ម February 18, 2023 Khmernote

មហាសេដ្ឋី Elon Musk បានបិទការិយាល័យរបស់ក្រុមហ៊ុន Twitter ចំនួន ២ នៅឥណ្ឌា បន្ទាប់ពីបណ្ដេញបុគ្គលិកជាង ៩០% ចេញកាលពីឆ្នាំមុន។ យើងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសុក្របានឱ្យដឹងថា ក្រុមហ៊ុន Twitter Inc បានបិទការិយាល័យចំនួនពីរក្នុងចំណោមការិយាល័យចំនួនបីនៅក្នុងប្រទេសឥណ្ឌា។

របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានបិទការិយាល័យនៅទីក្រុង New Delhi និង Mumbai ប៉ុន្តែនៅតែបន្តប្រតិបត្តិការការិយាល័យរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Bengaluru។ ជាមួយគ្នានេះដែរ Bloomberg បានរាយការណ៍ថា Twitter ក្រោមម្ចាស់ថ្មីគឺ Elon Musk បានបណ្តេញបុគ្គលិកជាង ៩០ ភាគរយនៃបុគ្គលិករបស់ខ្លួនជាង ២០០នាក់នៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន។

លើសពីនេះ កាលពីខែមុន ក្រុមហ៊ុនបានបញ្ជាឱ្យកាត់បន្ថយការងារយ៉ាងហោចណាស់រាប់សិបនាក់បន្ថែមទៀតនៅក្នុងការិយាល័យ Dublin និងសិង្ហបុរី ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយកាន់តែទូលំទូលាយនៅ Twitter ដែលបានឃើញការបញ្ឈប់បុគ្គលិកប្រហែល ៣,៧០០នាក់ នៅដើមខែវិច្ឆិកា។ ទោះបីជាយ៉ាងណាក្ដី Twitter មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​របស់ Reuters ទេ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia