Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកបន្ថែមទៀតនៅក្នុងសប្ដាហ៍ខាងមុខនេះ នេះបើយោងតាមសេចក្ដីរាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន Financial Times។ តាមប្រភពដដែល ការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្លាក់ចុះដល់កម្រិតមួយគួរឱ្យកត់សម្គាល់ ខណៈពេលដែលក្រុមហ៊ុនគ្រោងកាត់បន្ថយការងារថ្មី។

ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រាប់អ្នកវិភាគថា ក្រុមហ៊ុនអាចក្លាយជា “អង្គភាពតូចជាងមុនបន្តិច” នៅចុងឆ្នាំ ២០២៣ នេះ ។ គួរបញ្ជាក់ថា Meta ទំនងជានឹងប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ចប់ការពិនិត្យឡើងវិញនូវការអនុវត្តរបស់បុគ្គលិកនៅក្នុងខែមីនា។
ហើយកាលពីខែវិច្ឆិកា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន ១១,០០០នាក់ ឬប្រហែល ១៣ភាគរយ នៃកម្លាំងការងារទូទាំងពិភពលោករបស់ខ្លួន។ ការកាត់បន្ថយទាំងនោះ គឺធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត ២០ឆ្នាំរបស់ Meta ដែលប៉ះពាល់ដល់គ្រប់ស្ថាប័ននៅក្នុងក្រុមហ៊ុន៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo