មកស្គាល់ដំណាំចំណូលខ្ពស់ ១ប្រភេទ ដែលកំពុងមានតម្រូវការទីផ្សារខ្លាំងក្នុងពេលបច្ចុប្បន្ន
អាជីវកម្ម February 9, 2023 Khmernote

អ្នកជំនាញផ្នែកជីវៈចម្រុះនៃក្រសួងបរិស្ថានបានលើកឡើងថា បច្ចុប្បន្ននេះ ប្រភេទដំណាំ វ៉ាន់នីឡា គឺជាដំណាំវល្លិ៍ ដែលភាគច្រើនកំពុងតែមានតម្រូវការខ្ពស់ សម្រាប់យកទៅប្រើប្រាស់ដាក់ក្នុងភេសជ្ជៈ និងគ្រឿងសម្អាង ជាពិសេសប្រភេទដំណាំនេះ អាចនឹងទទួលបានចំណូលច្រើននៅពេលប្រមូលផល ខណៈទីផ្សារបាន និងកំពុងតែមានតម្រូវការខ្ពស់នោះ។

សម្រាប់ប្រភេទដំណាំ វ៉ាន់នីឡានេះ ដើម្បីឱ្យការដាំដុះ និងការទទួលបាននូវទិន្នផល និងចំណូលកាន់តែខ្ពស់នោះ ត្រូវមានមានការមើលថែទាំបានល្អ មានបច្ចេកទេសខ្ពស់ក្នុងការដាំដុះ មានអាកាសធាតុ និងភូមិសាស្រ្ដល្អផងដែរ។

ក្នុងដំណើរចុះពិនិត្យមើលពីវឌ្ឍនភាពនៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប លោក ចន្ធី សុមេត្ដា ប្រធានការិយាល័យជីវៈសុវត្ថិភាពនៃក្រសួងបរិស្ថានបានបញ្ជាក់ថា ដំណាំវ៉ាន់នីឡាដែលយកមកដាំនៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន នេះគឺ មានបីប្រភេទ ហើយត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងវិស័យភេជ្ជៈ ការ៉េម គ្រឿងសម្អាង និងសូកូឡា វ៉ាន់នីឡាជាដើម។ លោកថ្លែងបញ្ជាក់ថា៖ «សម្រាប់វ៉ាន់នីឡានៅមជ្ឈមណ្ឌលកេសរកូល សុខ អាន នេះ យើងបានដាំសាកល្បងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុញ្ញាត។ យើងដាក់នៅទីនេះ មានបីប្រភេទគឺប្រភេទតៃគី ប្រភេទម៉ាដាហ្គាស្យា និងប្រភេទប៉ុនកូណា»។

លោក ចន្ធី សុមេត្ដា ក៏បានអះអាងថា ដំណាំវ៉ាន់នីឡាទាំងបីប្រភេទ ដែលបានដាំនេះ នឹងផ្តល់ទិន្នផលខ្ពស់ និងអាចទាញយកប្រភពចំណូលពីវាបានច្រើន។ លោកក៏បានគូសបញ្ជាក់ទៀតថា៖ «បើតាមការគណនាពីអ្នកជំនាញផ្នែកដាំដុះ នឹងទទួលជោគជ័យអះអាងដែរថា ទំហំដីដែលកំពុងដាំមានជាង ១៥ដើមនេះ គឺមួយឆ្នាំយើងអាចទាញយកចំណូលបានប្រហែលជាង ៥០០០ ដុល្លារ ខណៈតែ ២ផ្លែលក់ក្នុងតម្លៃប្រមាណ១០ដុល្លារឯណ្ណោះ»។ លោកបានបន្ថែមថា ការដាំដំណាំវ៉ាន់នីឡានៅមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន គឺអាចទទួលបានជោគជ័យ ហើយដោយសារនៅតំបន់នេះមានអាកាសធាតុ និងភូមិសាស្ត្រល្អ អំណោយផលដែលអាចពង្រាយពូជបន្ថែមទៀតបាន។

បើតាមលោក ចន្ធី សុមេត្ដា បានពន្យល់ថា វ៉ាន់នីឡាជាប្រភេទដំណាំវល្លិ៍ ដែលគេកាត់យកមកដាំ រួចហើយដាក់ទ្រើង ដាក់ជី ដោយរៀបចំប្រព័ន្ធទឹក តាមបច្ចេកទេសក្បូនខ្នាតត្រឹមត្រូវ។ លោកអះអាងទៀតថា៖ «នៅថ្ងៃអនាគតយើងដាំពង្រាយទីតាំងនៅកន្លែងផ្សេងទៀត ដើម្បីបង្កើនចំណូលសម្រាប់មជ្ឈមណ្ឌលបន្ថែមផងដែរ។ យើងដាំដើម្បីយកចំណូលដើម្បីទ្រទ្រង់មជ្ឈមណ្ឌល និងចែកជូនប្រជាពលរដ្ឋចង់ដាំដែរ»។

លោក ចន្ធី សុមេត្ដា បានចែករំលែកដោយលើកឡើងថា ទោះបីជាមានភាពមិនងាយស្រួលក្នុងដាំក្តី តែដំណាំវ៉ាន់នីឡានេះត្រូវបានអ្នកជំនាញអះអាងថាបន្ទាប់ពីដាំបានជាង១ឆ្នាំមកហើយ វ៉ាន់នីឡាដែលមានភាពលដុះល្អអាចនឹងទទួលផល នៅឆ្នាំក្រោយផងដែរ។ «វ៉ាន់នីឡានេះមានភាពសាំញាំស្មុគស្មាញបន្តិច ទាមទារឱ្យមានជំនាញច្បាស់លាស់គឺបើយើងដាំល្អហើយ គឺយើងទម្លាក់ដើមទងវាចុះក្រោម និងបង្អត់ទឹកមួយរយៈ ទើបវាខិតខំងើប និងចេញផ្កាផ្លែដើម្បីទ្រទ្រង់វា។ លក្ខខណៈបច្ចេកទេស គឺយើងដាក់សំណាញ់ខាង លើដើម្បីឱ្យវាតោងចេញផ្លែផ្កា»។ នេះបើតាមការរៀបរាប់បន្ថែមរបស់លោក ចន្ធី សុមេត្ដា។

លោក សុមេត្តា ក៏បានសង្កត់ធ្ងន់ថា ដំណាំវ៉ាន់នីឡានៅលើទីផ្សារក្នុងមួយគីឡូក្រាមចាប់ពី ៥០០ ដុល្លារ ទៅ ៧០០ ដុល្លារ តាមប្រភេទរបស់វា។ ដំណាំវ៉ាន់នីឡានេះ មានការដាំដុះសាំញាំណាស់ ចាប់ពីដំបូងឡើយ រហូតដល់ផ្កាផ្លែ ក្នុងនោះគ្រាន់តែផ្កាវាក៏ផ្កាពេលព្រឹក ហើយត្រូវការជំនួយក្នុងការដាក់កេសរកូល ភ្ជាប់គ្នារហូតដល់ចេញផ្លែ។ លើសពីនេះទៀត ត្រូវមានការថែទាំ រហូតដល់ពេលបេះប្រមូលផល ត្រូវយកទៅធ្វើការសម្ងួតតាមលក្ខណៈបច្ចេកទេស។ ចំពោះកន្លែងដែលគេដាំដំណាំវ៉ាន់នីឡា ទទួលជោគជ័យគឺដើមវាបានចេញផ្កាច្រើន ហើយផ្លែរបស់កាន់ច្រើនផងដែរ។ បើតាមអ្នកជំនាញរូបនេះបានឱ្យដឹងដែរថា តាមសភាពការណ៍នៃការលូតលាស់របស់វ៉ាន់នីឡានៅមជ្ឈមណ្ឌលកេសរកូល សុខអាន ភ្នំគូលែននេះ បើតាមអ្នកជំនាញថាតាមការលូតលាស់នោះ ដំណាំប្រភេទនេះនឹងទទួលជោគជ័យនៅពេលខាងមុខ។

លោក ចន្ធី សុមេត្តា បានអះអាងបន្ថែមដែរថា៖ «តាមអ្នកជំនាញមកសិក្សាវ៉ាន់នីឡានៅ លើទីផ្សារ គឺមានតម្រូវការច្រើន ហើយបើប្រៀបធៀបវ៉ាន់នីឡាដែលដាំនៅក្នុងប្រទេសកម្ពុជា ជាមួយវ៉ាន់នីឡានៅក្រៅប្រទេសគឺមិនខុសគ្នានោះដែរ ដោយសារពូជដែលយកមកដាំនោះគឺ មិនខុសគ្នានោះទេ»៕

ប្រភព៖ ក្រសួងព័ត៌មាន