ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ប្រកាសកាត់បន្ថយបុគ្គលិក ខណៈក្រុមហ៊ុនកំពុងជាប់គាំងការនាំចេញរថយន្តជាលើកដំបូង
អាជីវកម្ម February 7, 2023 Khmernote

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម Vinfast ប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ ការកាត់បន្ថយនេះ ចំពេលការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុនកំពុងជាប់គាំង ជាមួយនឹងការនាំចេញរថយន្តជាលើកដំបូង និងរៀបចំសម្រាប់ការចុះបញ្ជីភាគហ៊ុន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup JSC (VIC.HM) បាននិងកំពុងផ្លាស់ប្តូរទៅពង្រីកនៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថា នឹងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដែលមានស្រាប់។

អ្នកនាំពាក្យក្រុមហ៊ុន VinFast បាននិយាយថា ក្រុមហ៊ុនមិនកាត់បន្ថយបុគ្គលិកនៅក្នុងប្រទេសវៀតណាមឡើយ ប៉ុន្តែចំពោះការកាត់បន្ថយនៅសហរដ្ឋអាមេរិក គេមិនដឹងថាផ្នែកណាខ្លះរងប៉ះពាល់នោះទេ។ គួរបញ្ជាក់ផងដែរថា VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ២០១៩ បានជួលមនុស្សប្រហែល ១៥០នាក់នៅក្នុងសហរដ្ឋអាមេរិក៕

FILE PHOTO: A general view of VinFast’s factory in Hai Phong City, Vietnam, April 22, 2021. REUTERS/Thanh Hue

អត្ថបទ៖ លីនី
ប្រភព៖ vnexpress