កម្រណាស់! ក្រុមហ៊ុន Apple ដែលតែងកើនប្រាក់ចំណេញ គ្រោងនឹងប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនជាលើកដំបូង
អាជីវកម្ម February 3, 2023 Khmernote

ក្រុមហ៊ុន Apple Inc ត្រូវបានគេប៉ាន់ស្មានថា នឹងរាយការណ៍ពីធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាស ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈជិត ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមក្រុមហ៊ុនវិភាគឈ្មោះថា Refinitiv បានឱ្យដឹងថា ក្រុមហ៊ុន​ Apple ត្រូវបានគេរំពឹងថា នឹងរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ពីការលក់ទូរស័ព្ទ iPhone ដែលបានធ្លាក់ចុះប្រហែល ៥% សម្រាប់ត្រីមាសសំខាន់ៗ ដោយពេលវេលាចុងក្រោយនៃការធ្លាក់ចុះការលក់ គឺនៅក្នុងអំឡុងខែសីហា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ដែលជាខែនៃការរាតត្បាតនៃជំងឹ កូវីដ-១៩ ។

ជាមួយគ្នានេះដែរ ប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណថា បានធ្លាក់ចុះ ២% ក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ២០២២ ដែលជាត្រីមាសសារពើពន្ធដំបូងរបស់ក្រុមហ៊ុន Apple ខណៈពេលដែលអាជីវកម្មសេវាកម្មបានកើនឡើង ៦ភាគរយ។ លើសពីនេះ អ្នកវិភាគរំពឹងថា ប្រាក់ចំណូលសុទ្ធនឹងធ្លាក់ចុះ ១០.៤ ភាគរយ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia