ក្រសួងពាណិជ្ជកម្ម៖ ការចុះបញ្ជីពាណិជ្ជកម្មថ្មីបានជាង ១ម៉ឺនក្រុមហ៊ុន ក្នុងឆ្នាំ២០២២
អាជីវកម្ម February 2, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីក្រុមហ៊ុន សហគ្រាសថ្មីបានចំនួនសរុប ១០ ៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១ដែលការកើនឡើងនេះឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃ សេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩។

ក្នុងរបាយការណ៍ចេញផ្សាយកាលកាលពីដើមសប្តាហ៍ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ ក្រុមហ៊ុន កើន៣៨ភាគរយធៀបនឹង ៦៤៣ ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។

ករណីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុនហើយ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣ ០០០ ក្រុមហ៊ុន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្មលើការសុំចុះបញ្ជីពាណិជ្ជកម្ម ដោយការអភិវឌ្ឍប្រព័ន្ធផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីតភ្ជាប់ក្នុងប្រព័ន្ធចុះបញ្ជីតាមថ្នាល់បច្ចេកវិទ្យាដំណាក់កាលទី៣ និងកំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែ។

ឯកឧត្តម គី សេរីវឌ្ឈន៍ អ្នកជំនាញសេដ្ឋកិច្ចនិង ជាអគ្គនាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ចំនួនក្រុមហ៊ុនចុះបញ្ជីនេះ ឆ្លុះបញ្ជាំងពីប្រសិទ្ធភាពនៃការគ្របគ្រងរបស់រដ្ឋ ទៅលើក្រុមហ៊ុនឯកជន។

ឯកឧត្តម បានមានប្រសាសន៍ថា “ការកើនឡើងនៃសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យអាជីវកម្ម មួយចំនួនដែលបានបិទ ឬផ្អាក ចាប់ផ្តើមដំណើរការ និងប្រតិបត្តិការកើនឡើង”។

ចំណែក លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា កំណើននៃការចុះបញ្ជីពាណិជ្ជកម្មកើនឡើងនេះ ឆ្លុះបញ្ជាំងពីការបើកប្រទេស សកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោមគោលនយោបាយដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។

លោកឧកញ៉ា បានថ្លែងថា៖ “ការចុះបញ្ជីបង្កើតក្រុមហ៊ុន សហគ្រាសមានការកើនឡើង ជាសញ្ញាមួយល្អសម្រាប់សេដ្ឋកិច្ចជាតិ ដោយសារការចាក់វ៉ាកស៊ាំងប្រឆាំងកូវីដ១៩ បានជោគជ័យ នាំឱ្យបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ជាពិសេសកម្ពុជា បានអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង RCEP ធ្វើឱ្យក្រុមហ៊ុនជាច្រើន ចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា”។

ប្រភព៖ ក្រសួងព័ត៌មាន