ខេត្តក្រចេះមានសក្ដានុពលលើវិស័យធនធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ខណៈបច្ចុប្បន្នខេត្តនេះមានក្រុមហ៊ុនរហូតទៅដល់ ១០០ក្រុមហ៊ុន កំពុងវិនិយោគរុករក និងស្វែងរករ៉ែ។ នេះបើយោងតាមការដកស្រង់ប្រសាសន៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ពីការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បានថ្លែងថា ខេត្តក្រចេះមានសក្តានុពលលើវិស័យធនធានធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុក សំបូរ។ ទន្ទឹមនេះ នៅក្នុងខេត្តក្រចេះមានក្រុមហ៊ុនរុករក និងស្វែងរករ៉ែចំនួន៦១ក្រុមហ៊ុន ស្មើនឹង ៦៥អាជ្ញាបណ្ណ ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈចំនួន ៥ក្រុមហ៊ុន ស្មើ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ការរដ្ឋានវាយថ្មចំនួន២៥ក្រុមហ៊ុន ស្មើ២៨អាជ្ញាបណ្ណ និងក្រុមហ៊ុនក្រួសខ្សាច់ ៨ក្រុមហ៊ុន ។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ជាការចាប់អារម្មណ៍ក្រុមហ៊ុនរ៉ែមាស១ ដែលវិនិយោគមកពីប្រទេសចិន ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បានចម្រាញ់មាសសុទ្ធចាប់ ពីខែតុលា ឆ្នាំ២០២២ ដល់ពេលបច្ចុប្បន្នបាន៦៧,៥៣គីឡូក្រាម»។ ឯកឧត្តមបន្តថា កាលពីចុងឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរខេត្ដបានចុះទៅទីតាំងក្រុមហ៊ុនចម្រាញ់មាសនេះផ្ទាល់ ផងដែរ៕
អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន
ប្រភព៖