ក្រុមហ៊ុន Toyota Motor Corp បានរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតលើពិភពលោកក្នុងឆ្នាំ២០២២ ដោយលក់រថយន្តបានចំនួន ១០.៥លានគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia កាលពីពេលថ្មីៗនេះ។

តាមប្រភពដដែល ក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បានរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។ ជាក់ស្ដែងនៅក្នុងវិស័យលក់រថយន្ត ក្រុមហ៊ុនជាច្រើនបានបង្ហាញពីការលក់ធ្លាក់ចុះជាសកល ដែលរួមមាន៖ អង្គភាពដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តតូច Daihatsu និងក្រុមហ៊ុន Volkswagen Group។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានបង្កើនផលិតកកម្មនៅលើពិភពលោក ៥ភាគរយនៅឆ្នាំ២០២២ ដោយសារតែមានតម្រូវការខ្លាំងនៅអាស៊ី និងការកើនឡើងនៃសមត្ថភាពផលិត រួមទាំងការបង្កើនប្រសិទ្ធភាពនៅអាស៊ី និងអាមេរិកខាងជើង៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia