បាត់មុខយូរ! យីហោចាស់វស្សា Nokia ប្រកាសពីការកើនឡើងភាគហ៊ុនទីផ្សារ និងប្រាក់ចំណេញលើសពីការរំពឹងទុក
អាជីវកម្ម January 27, 2023 Khmernote

គិតត្រឹម​ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន Nokia ដែលជាក្រុមហ៊ុនទូរគមនាគមន៍មានអាយុកាល ១៥៨ឆ្នាំមកហើយ។ ក្រុមហ៊ុននេះ មានភាពល្បីល្បាញខ្លាំងមែនទែន ប៉ុន្តែក៏ត្រូវបាត់មុខនៅលើទីផ្សារវិញក្នុងរយៈពេលមួយដ៏ធំ។ ទោះបីជាមិនមានប្រជាប្រិយភាពខ្លាំងដូចមុនក៏ពិតមែន តែកាលពីថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៣ នេះ Nokia បានប្រកាសពីការ កើនឡើងភាគហ៊ុនទីផ្សារ និងប្រាក់ចំណេញលើសេវាកម្ម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo។

សារព័ត៌មានដដែលបានឱ្យដឹងថា ការកើនឡើងភាគហ៊ុនទីផ្សារ និងប្រាក់ចំណេញលើសេវាកម្មរបស់ Nokia នេះ គឺបានមកពីការ លក់ចេញសេវា 5G នៅក្នុងប្រទេសជាច្រើនដូចជា ឥណ្ឌា ជាដើម។ ជាមួយគ្នានេះ ភាគហ៊ុនរបស់ Nokia បានកើនឡើង ៥.៨ ភាគរយនៅក្នុងទីក្រុង Helsinki ។

នាយកប្រតិបត្តិលោក Pekka Lundmark បាននិយាយថា Nokia បានឃើញកំណើននៅក្នុងឆ្នាំ២០២៣ ដែលផ្ទុយស្រឡះជាមួយនឹងគូប្រជែងដ៏សំខាន់របស់ខ្លួនគឺ Ericsson ។ គួរបញ្ជាក់ផងដែរថា ប្រាក់ចំណេញលើសេវាកម្មត្រីមាសទី៤ របស់ Nokia បានកើនឡើងដល់ ១.២៦ ពាន់លានដុល្លារ ពី ៩០៨លានដុល្លារ កាលពីឆ្នាំមុន លើសពីការព្យាករណ៍របស់អ្នកវិភាគចំនួន ១០ ដែលត្រូវបានស្ទង់មតិដោយ Refinitiv៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia