បន្ទាប់ពីបើកនៅថៃ និងសិង្ហបុរី ក្រុមហ៊ុន Apple ប្រកាសនឹងបើកហាងលក់រាយផ្ទាល់ខ្លួនមួយទៀត នៅប្រទេសអាស៊ានមួយនេះ
អាជីវកម្ម January 26, 2023 Khmernote

ក្រុមហ៊ុន Apple Inc នឹងបើកហាងលក់រាយផ្ទាល់ខ្លួននៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ដែលនេះគឺជារៀបចំនាំយកខ្សែសង្វាក់របស់ខ្លួនទៅកាន់ប្រទេសអាស៊ីជាលើកដំបូង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ពីការរើសបុគ្គលិកបុគ្គលិកជាច្រើនផ្នែក សម្រាប់ហាងនៅក្នុងប្រទេសម៉ាឡេស៊ី។

បញ្ជីរាយនាមដែលបានចេញផ្សាយបានបង្ហាញថា មុខតំណែងទាំងនោះសម្រាប់ហាងលក់រាយផ្ទាល់របស់ Apple មិនមែនជាហាង Apple​ របស់ភាគីទីបីដែលប្រតិបត្តិការយូរមកហើយនៅក្នុងប្រទេសម៉ាឡេស៊ីនោះទេ។ ជាមួយគ្នានេះ ការផ្លាស់ប្តូរនេះនឹងជំរុញវត្តមានរបស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបើកហាងរួចហើយនៅក្នុងប្រទេសថៃ និងសិង្ហបុរី។ ទោះបីជាយ៉ាងណាក្ដី អ្នកនាំពាក្យរបស់ Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការត្រៀមខ្លួនបើកហាងនៅម៉ាឡេស៊ី ថ្មីៗនេះ ក្រុមហ៊ុនក៏បានចាប់ផ្តើមផ្សព្វផ្សាយការចុះបញ្ជីការងារសម្រាប់ទីតាំងដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគ្រោងទុកជាច្រើនឆ្នាំមកហើយផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo