អតីតពលករនៅកូរ៉េ ប្រកបរបរចិញ្ចឹមបង្កងអូស្ត្រាលី រកចំណូលបានប្រមាណជាងមួយម៉ឺនដុល្លារក្នុងមួយឆ្នាំ
អាជីវកម្ម January 25, 2023 Khmernote

បង្កងអូស្រ្តាលី ដែលមានឈ្មោះវិទ្យាសាស្រ្ត (Cherax quadricarinatus) គឺជាប្រភេទបង្កងនាំចូលមកក្នុងប្រទេសកម្ពុជាយើង ដែលមានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងលក្ខណៈអាជីវកម្ម យ៉ាងផុសផុលស្ទើរតែគ្រប់រាជធានី-ខេត្តទៅហើយមកទល់ពេលនេះ ដោយសារតែបង្កងប្រភេទនេះងាយស្រួលក្នុងការចិញ្ចឹម មានទីផ្សារល្អ និងតម្លៃក៏បានថ្លៃផងដែរ។

លោក វង់ បុត្រ ដែលជាអតីតពលករនៅប្រទេសកូរ៉េចប់អាណត្តិការងារ ហើយងាកមកប្រកបរបរចិញ្ចឹមបង្កងអូស្រ្តាលី នៅស្រុកកំណើតឯខេត្តតាកែវ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ថា ៖ “បន្ទាប់ពីបញ្ចប់អាណត្តិការងារដែលមានរយៈពេល ៤ឆ្នាំនៅប្រទេសកូរ៉េមក ខ្ញុំបានត្រលប់មកស្រុកកំណើតវិញ។ នៅពេលនោះ ខ្ញុំមិនមានការងារអ្វីផ្សេងនោះទេ ខ្ញុំសង្កេតឃើញមានការចិញ្ចឹងបង្កងអូស្ត្រាលីនេះនៅខេត្តតាកែវខ្លះៗដែរ ហើយក៏ចាប់អារម្មណ៍ប្រកបរបរនេះ ដូច្នេះហើយខ្ញុំក៏សាកល្បងចិញ្ចឹមជាលក្ខណៈគ្រួសារប៉ុណ្ណោះ គឺនៅក្នុងឆ្នាំ២០១៩ ដោយរៀនវិធីនៃការចិញ្ចឹមពីបងៗដែលធ្លាប់ចិញ្ចឹមបង្កងប្រភេទនេះ”។

លោក វង់ បុត្រ បានបន្ថែមថា ការចិញ្ចឹមបង្កងអូស្ត្រាលី ឬបង្កងដៃខ្លី គឺមិនសូវពិបាកនោះទេ ដោយយើងឱ្យចំណីមានដូចជាម្រេច និងចំណីធម្មជាតិដទៃទៀត ហើយរង់ចាំតែប្រមូលផលតែម្តង ហើយបង្កងនេះមានតម្លៃខ្ពស់គួរសម ដោយឡែកទីផ្សារបង្កងនេះក៏ល្អផងដែរ។ លោក បុត្រ បានបញ្ជាក់ថា ៖ “ជាទូទៅ គឺតែងតែមានម៉ូយមកទិញដើម្បីបោះដុំមិនដែលដាច់នោះទេ ហើយជួនកាលខ្ញុំក៏យកទៅលក់នៅទីផ្សារផងដែរ ប៉ុន្តែកសិដ្ឋានរបស់ខ្ញុំ គឺខ្ញុំផ្តោតទៅលើកការលក់កូនបង្កង ដែលបងប្អូនភាគច្រើនគាត់យកទៅចិញ្ចឹមបន្ត ជាជាងការផ្តោតលក់លើមេបង្កង ដោយកូនបង្កង យើងលក់រាប់គិតជាកូនមួយ ឬមួយគ្រាប់តែម្តង បើក្នុងករណីទិញចាប់ពី ៥ ០០០កូនឡើង គឺខ្ញុំលក់បានក្នុងតម្លៃចាប់ពី ៤០០រៀល ទៅ៥០០រៀលក្នុងមួយកូន ហើយបើយកក្នុងចំនួនតិចជាងនេះគឺតម្លៃពី ៦០០រៀល ទៅ៧០០រៀលក្នុងមួយកូន ហើយក្នុងមួយឆ្នាំៗ ខ្ញុំលក់កូនបង្កងអូស្ត្រាលីបានប្រមាណ ១០០ ០០០កូន”។

ដោយឡែក ចំពោះបង្កងអូស្ត្រាលីធំៗដែលគ្រប់គីឡូ (ប្រភេទលេខ១) គឺមានតម្លៃចាប់ពី ១៨ដុល្លារ ទៅ២០ដុល្លារ និងប្រភេទដែលមិនទាន់គ្រប់គីឡូ (ប្រភេទលេខ២) គឺមានតម្លៃចាប់ពី ១៤ដុល្លារ ទៅ១៥ដុល្លារ។

ជាមួយនឹងចំណូលប្រមាណជាងមួយម៉ឺនដុល្លារក្នុងមួយឆ្នាំពីការបង្កាត់ពូជលក់ និងចិញ្ចឹមបង្កងអូស្ត្រាលីនេះ លោក វង់ បុត្រ បញ្ជាក់បន្ថែមថា ៖ “កាលពីចាប់ផ្តើមដំបូង ខ្ញុំចិញ្ចឹមជាលក្ខណៈតូចតាចត្រឹមជាការសាកល្បង ប៉ុន្តែពេលនេះកសិដ្ឋានរបស់ខ្ញុំបានពង្រីករហូតដល់ ២៦អាង ដែលក្នុងមួយអាងៗមានទំហំ ៣ម៉ែត្រគុណ៦ម៉ែត្រ ព្រមទាំងស្រះចំនួន ៩ស្រះ ដែលមានទំហំពី ១ ០០០ ដល់ ២ ០០០ម៉ែត្រការ៉េ។ ចំពោះរឿងពង្រីកអាជីវកម្ម ខ្ញុំមិនទាន់គិតពីរឿងពង្រីកបន្ថែមទៀតនោះទេ ព្រោះនៅពេលនេះ ខ្ញុំពុំទាន់មានបង្កង និងកូន ដាក់ពេញអាង និងស្រះនៅឡើយទេ។ នៅពេលដែលពេញ នោះទើបខ្ញុំគិតគូររឿងពង្រីកអាជីវកម្មនេះ”។

កសិដ្ឋានចិញ្ចឹមបង្កងរបស់ លោក វង់ បុត្រ មានទីតាំងនៅភូមិព្រៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ លើផ្ទៃដី១ហិកតាកន្លះ ដែលលោកបានជួលពីម្ចាស់ដីនៅទីនោះ។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បានប្រាប់ទីភ្នាក់ងារ AKP នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះថា ៖ “បង្កងអូស្ត្រាលីនេះ ជាពពួកនាំចូលពីក្រៅស្រុក ហើយដែលគេចាប់ផ្តើមនិយមចិញ្ចឹមច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាចនិយាយបានថាគ្រប់ខេត្តទៅហើយ ព្រោះសូម្បីខេត្តឆ្ងាយៗដូចជា ឧត្តរមានជ័យ ព្រះវិហារ រតនគិរី។ល។ ក៏មានការចិញ្ចឹមបង្កងប្រភេទនេះបើទោះជាលក្ខណៈតូចៗ ក៏ព្រោះតែការចិញ្ចឹមមានលក្ខណៈងាយស្រួល ឆាប់ធំ និងទីផ្សារល្អ ហើយតម្លៃលក់បានថ្លៃ”។

ពាក់ព័ន្ធនឹងជីវចម្រុះវិញ លោក ថាយ សុមុនី បានបញ្ជាក់ថា ៖ “ពួកវា ត្រូវបានចិញ្ចឹមនៅក្នុងអាង ឬស្រះទឹកសាបបិទជិត តែក៏មានកំហាប់អំបិលតិចតួច ហើយវាជាពពួកសត្វដែលរាតត្បាតលឿន ដោយហេតុថាវាខុសពីបង្កងទឹកសាបរបស់យើង ដែលត្រូវការពេលវេលាប្រមាណ ២០ថ្ងៃ ទៅ២៥ថ្ងៃ ដើម្បីក្លាយជាកូនបង្កង តែពពួកនេះគឺកើតមកជាកូនតែម្តង។ ហេតុដូច្នេះហើយ ទើបរដ្ឋបាលជលផលតែងណែនាំដល់បងប្អូនអ្នកប្រកបរបរចិញ្ចឹមបង្កងប្រភេទនេះ ត្រូវធ្វើយ៉ាងណា កុំឱ្យពួកវាឆ្លងចូលទៅក្នុងដែនទឹកធម្មជាតិ ដែលជាហេតុបណ្តាលឱ្យពួកវាកកើតកូនកាន់តែច្រើនទៅៗ ព្រោះពួកវាជាប្រភេទឆាប់ធំធាត់ និងធន់ ដែលនឹងបង្កបញ្ហាដល់ជីវចម្រុះទឹកទន្លេ បឹង ឬស្ទឹងជាដើម នៅប្រទេសកម្ពុជាយើង”៕

ប្រភព៖ ក្រសួងព័ត៌មាន