ក្រុមហ៊ុនផលិតទឹកដោះគោធំ ១ ត្រូវការដី ១ម៉ឺនហិកតានៅមណ្ឌលគិរី ដើម្បីចិញ្ចឹមគោយកទឹកដោះ
អចលនទ្រព្យ January 20, 2023 Khmernote

កាលព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុនចិញ្វឹមគោយកទឹកដោះ MOMO FARM អំពីការពង្រីកផ្ទៃដីផលិតកម្មរបស់ខ្លួន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ ចំពោះការចង់ពង្រីកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន MOMO FARM។ ប៉ុន្តែឯកឧត្តមបានបញ្ជាក់ច្បាស់ថា បច្ចុប្បន្នក្រសួងមិនមានការផ្តល់ដីសម្បទានជូនក្រុមហ៊ុនឯកជនទៀតទេ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២។

ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ឱ្យធ្វើកិច្ចសន្យាជាមួយពលរដ្ឋ ដែលមានដីសម្រាប់ធ្វើការដាំស្មៅសម្រាប់ជាចំណីសត្វ។ ក្រសួងនឹងជួយសម្របសម្រួល ជំរុញការពង្រីកផលិតកម្មគោយកទឹកដោះនេះ ព្រោះបរិមាណគោយកទឹកដោះទូទាំងប្រទេសមានប្រមាណត្រឹម ១០០០ក្បាលប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន MOMO FARM មានសមត្ថភាពផលិតទឹកដោះគោស្រស់ប្រមាណ ២ពាន់លីត្រ ក្នុងមួយថ្ងៃ។ ក្រុមហ៊ុនមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក។ ក្រុមហ៊ុនត្រូវការដីបន្ថែមប្រមាណ ១ម៉ឺនហិកតានៅមណ្ឌលគិរី សម្រាប់ដំណើរការផលិតកម្មនេះ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ