ក្រុមហ៊ុនផលិតអាហារដ៏ធំមួយរបស់ជប៉ុន នឹងមកបោះទុនវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្មនៅបាត់ដំបង
អាជីវកម្ម January 20, 2023 Khmernote

ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. ដែលជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្ត​មួយនៃប្រទេសជប៉ុន មានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួប ក្រុមហ៊ុន Shop Shindou Shigeharu Limited Company កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។​

ក្នុងជំនួបនោះ ឯកឧត្តម សុខ លូ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលមានបំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម ហើយរដ្ឋបាលខេត្តរងចាំការសហការជានិច្ច ព្រោះនេះក៏ជាគោលបំណងរបស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ព្រោះជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេសសល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃផលិតផលទាំងនោះ។

សូមជម្រាបថា ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តអិហិមិ ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្តអិហិមិ ហើយក្នុងនោះក្រុមហ៊ុនមានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀត មុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបង ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានដូចជាផ្លែឈើហូបផ្លែជាដើម៕

អត្ថបទ៖ លីនី