ក្រុមហ៊ុន Microsoft កាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ១០,០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលបន្តប៉ះពាល់ដល់ក្រុមហ៊ុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។

តាមប្រភពដដែល ការកាត់បន្ថយការងារនេះ នឹងប៉ះពាល់ដល់បុគ្គលិកតិចជាង ៥% ហើយការកាត់បន្ថយនេះគឺឆ្លើយតបទៅនឹងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងការផ្លាស់ប្ដូរអាទិភាពអតិថិជន។ ទោះជាយ៉ាងណាក្ដី ការកាត់បន្ថយនេះមិនមែនមានតែក្រុមហ៊ុន Microsoft នោះទេ ពោលគឺមានក្រុមហ៊ុន Facebook Amazon និង Twitter ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលបច្ចុប្បន្នក្រុមហ៊ុន Microsoft មានបុគ្គលិកចំនួន ២២១,០០០ នាក់នៅទូទាំងពិភពលោក ខណៈចាប់តាំងពីឆ្នាំ២០១៩ មក ក្រុមហ៊ុននេះបានជួលបុគ្គលិកចំនួន ៧៥,០០០ នាក់ នេះបើយោងតាមទិន្នន័យពីគេហទំព័ររបស់ក្រុមហ៊ុន៕
អត្ថបទ៖ លីនី
ប្រភព៖ bangkokpost