ក្រុមហ៊ុនរបស់មហាសេដ្ឋីលេខ១ ឥណ្ឌា មានបំណងវិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងលោក Sanjay Anand នាយកប្រតិបិត្ត Adani Global រួមជាមួយសមាជិកក្រុមរបស់ក្រុមហ៊ុន Adani Global ប្រទេសឥណ្ឌា។
នៅក្នុងជំនួបពិភាក្សានេះ លោក Sanjay Anand បានសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពល និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌក្នុងការវិនិយោគវិស័យទាំងពីរ។ ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានយល់ដឹងអំពីផែនការមេអភិវឌ្ឍន៍ថាមពល២០២២-២០៤០ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានបំណងចង់វិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញ។
សូមជម្រាបថា លោក Gautam Adani មហាសេដ្ឋីលេខ១ នៅឥណ្ឌា និងលេខ ៣នៅលើពិភពលោក គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍ដំណើរការអាជីវកម្មលើវិស័យថាមពល ការជីកយករ៉ែ ការគ្រប់គ្រងកំពង់ផែ និងប្រតិបត្តិការព្រលានយន្តហោះ។ ក្រុមហ៊ុននេះមានតម្លទីផ្សារជាង ១៧២ពាន់លានដុល្លារ និងមានទីស្នាក់ការនៅ Ahmedabad ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា៕




អត្ថបទ៖ លីនី


