ស្ដេចមាន់ជើងធំ ពេញនិយមខ្លាំងសម្រាប់សេដ្ឋីទ្រព្យស្តុកនៅវៀតណាម មាន់ល្អបំផុត១ក្បាលមានតម្លៃរហូតដល់ទៅ ២០០០ដុល្លារ
អាជីវកម្ម January 17, 2023 Khmernote

“ស្តេចមាន់ជើងធំ” គឺជាពូជមាន់ដែលមានជើងធំនិងក្រាស់ដូចឥដ្ឋ និងមានតម្លៃថ្លៃខ្លាំងនៅក្នុងប្រទេសវៀតណាម។ ស្តេចមាន់ជើងធំ នេះ មានឈ្មោះជាភាសាវៀតណាមថា ដុងតាវ (Dong Tao) ដោយឈ្មោះនេះ គឺដាក់តាមកន្លែងដែលគេបង្កាត់ពូជគឺស្រុក​ដុងតាវ ភាគខាងជើងនៃប្រទេសវៀតណាម។

លោក Le Van Hien ម្ចាស់កសិដ្ឋានចិញ្ចឹម “ស្ដេចមាន់ជើងធំ”​ មួយនៅជិតទីក្រុងហាណូយ បានឱ្យដឹងថា មាន់នេះត្រូវបានគេចាត់ទុកជាអាហារដ៏ឆ្ងាញ់ពិសារ ហើយពិសេសពេញនិយមខ្លាំងមែនទែនសម្រាប់សេដ្ឋីទ្រព្យស្តុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដែលហៅថា តេត។ ជាមួយគ្នានេះដែរ ស្ដេចមាន់ជើងធំ​ ដែលមានទំងន់ ៤គីឡូ មានតម្លៃប្រហែល ១៥០ដុល្លារក្នុងមួយក្បាល តែចំពោះមាន់ដែលល្អបំផុត អាចមានតម្លៃដល់ទៅ ២០០០ដុល្លារក្នុងមួយក្បាលឯណោះ ហើយមាន់ខ្លះទៀត ត្រូវបានគេយកទៅប្រកួតសម្រស់ទៀតផង។

លោក Hien អ្នកបទពិសោធន៍ចិញ្ចឹមមាន់ជាង ១៥ឆ្នាំ បាន​ប្រាប់ AFP ថា ចំណីរបស់មាន់ ដុងតាវ គឺមានតែពោត និងអង្ករប៉ុណ្ណោះ។ ហើយបច្ចេកទេសក្នុងការចិញ្ចឹមក្រៅពីដាក់ចំណី គឺប្រលែងឱ្យដើរលេង ព្រោះមាន់ដើរកាន់តែច្រើនសាច់ដុំ​កាន់តែ​ធំ​។ ជាមួយគ្នានេះដែល មាន់ដែលមានជើងកាន់តែធំ រសជាតិកាន់តែឆ្ងាញ់៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo