កាលពីពេលថ្មីៗនេះ សារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Tesla ជិតឈានដល់កិច្ចព្រមព្រៀងបឋមក្នុងការសាងសង់កន្លែងរោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានសមត្ថិភាពផលិតបាន ១លានគ្រឿង។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ពីកិច្ចពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោក។
គយរម្លឹកថា កាលពីខែសីហា ឆ្នាំទៅ ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផលិតរថយន្តរបស់ខ្លួនក៏ដូចជាអាគុយ នៅក្នុងប្រទេស។ បន្ថែមពីនេះ ក្រុមហ៊ុន Tesla បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៥ពាន់លានដុល្លារអាមេរិក ដើម្បីទិញសម្ភារៈសម្រាប់ផលិតអាគុយពីក្រុមហ៊ុនកែច្នៃនីកែលនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។
ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


