ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គ្រោងបោះទុនជាង ២៥០លានដុល្លារ សង់រោងចក្រនៅវៀតណាម
អាជីវកម្ម January 13, 2023 Khmernote

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Auto Co គ្រោងនឹងសាងសង់រោងចក្រមួយនៅក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត នេះបើយោងតាមការបង្ហើបរបស់អ្នកដែលបានដឹងពីផែនការនេះទៅកាន់សារព័ត៌មាន Reuters។ ការផ្លាស់ប្ដូរនេះ នឹងកាន់បន្ថយការពឹងផ្អែករបស់ក្រុមហ៊ុនលើប្រទេសចិន និងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំងនៅភាគអាគ្នេយ៍។

បើតាមប្រភពដដែល ក្រុមហ៊ុន BYD នឹងវិនិយោគនៅភាគខាងជើងប្រទេសវៀតណាម ក្នុងទុនលើសពី ២៥០លានដុល្លារ​ ហើយការសាងសង់អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំនេះ។​ មិនតែប៉ុណ្ណោះ រោងចក្រនៅ​វៀតណាមនេះ ​នឹង​នាំ​ចេញ​គ្រឿងបង្គុំទៅ​រោងចក្រ​ដំឡើង​របស់ BYD នៅ​ប្រទេស​ថៃ និងបំពេញតម្រូវការក្នុងប្រទេសវៀតណាមផងដែរ។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន BYD បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Xian និងវ៉ាដាច់គូប្រជែង Tesla Inc ក្នុងការលក់រថយន្ត អគ្គិសនីកាលពីឆ្នាំមុន បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសអាស៊ីផ្សេងទៀតរួមទាំងសិង្ហបុរី ជប៉ុន និងអឺរ៉ុប៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo