ឧស្សាហកម្មសត្វចិញ្ចឹមកំពុងឡើងកូតខ្លាំងនៅក្នុងប្រទេសថៃ ខណៈបច្ចុប្បន្នប្រជាជននៅទីនោះជាង ៤៩% ចូលចិត្តចិញ្ចឹមសត្វជាងការមានកូន នេះបើយោងតាមការស្ទង់មតិដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យនៃមហាវិទ្យាល័យ Mahidol ហៅកាត់ថា (CMMU)។
លោក Pacharapun Thiensiri ជានិស្សិត CMMU និងជាប្រធានក្រុមសិក្សា បានបង្ហាញថា ៤៩% នៃក្រុមមនុស្សដែលបានសួរចម្លើយ គឺពួកគេចាត់ទុកសត្វចិញ្ចឹមជាកូន។ ក្នុងនោះ សត្វឆ្កែ នៅតែជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតដែលប្រជាជនថៃចូលចិត្តចិញ្ចឹមដែលមានរហូតដល់ (៤០.៤%) បន្ទាប់មកសត្វឆ្មា (៣៧.១%) និងសត្វកម្រផ្សេងទៀត (២២.៦%)។
លើសពីនេះទៅទៀត ៣៩.៣% នៃអ្នកឆ្លើយតបមានឆន្ទៈក្នុងការចំណាយជាមធ្យមពី ១០,០០០ ទៅ ២០,០០០បាត (ប្រមាណ ៣០០ ទៅ ៦០០ដុល្លារ) ទៅលើសត្វចិញ្ចឹមមួយក្បាលក្នុងមួយឆ្នាំ។ នេះត្រូវគ្នានឹងអត្រានៃការចុះឈ្មោះក្នុងមូលដ្ឋានទិន្នន័យសត្វឆ្កែនិងឆ្មាក្នុងប្រទេសថៃ ដែលបានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ផងដែរ Euromonitor បានព្យាករណ៍ថា ទីផ្សារសត្វចិញ្ចឹមពិភពលោកនឹងមានតម្លៃរហូតដល់ ២១៧.៦១៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ ដែលតំណាងឱ្យអត្រាកំណើនប្រចាំឆ្នាំ ៧.២% ។ ហើយនៅក្នុងប្រទេសថៃ នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានប៉ាន់ប្រមាណថា ទីផ្សារសត្វចិញ្ចឹមថៃនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៨.៤% ចំនួន ៦៦.៧៤៨ ពាន់លានបាតក្នុងឆ្នាំ២០២៦៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


