វៀតណាម នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ក្រុមហ៊ុនលំដាប់ពិភពលោក Apple
អាជីវកម្ម January 12, 2023 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា ប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ Apple។ បើតាមសារព័ត៌មានដដែល ប្រទេសឥណ្ឌា វៀតណាម និងប្រេស៊ីល អាចមានចំនួនរហូតដល់ ៣០% នៃផលិតកម្មរបស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្របពេលដែល Apple កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីប្រទេសចិន។

យោងតាមការរបាយការណ៍របស់អ្នកវិភាគដែលដកស្រង់ដោយ Bloomberg បានឱ្យដឹងថា ប្រទេសវៀតណាមបានទាក់ទាញអ្នកផ្គត់ផ្គង់ Apple ចំនួន ២១ ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស បើទោះបីជាខ្លួនខ្វះសមត្ថភាពក្នុងការផលិតទូរស័ព្ទ iPhone សំខាន់ៗទាំងអស់ក៏ដោយ។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគ JP Morgan បានព្យាករណ៍ថា ប្រទេសវៀតណាមនឹងផលិតបាន ៦៥% នៃ AirPods ឥតខ្សែរបស់ Apple នៅឆ្នាំ២០២៥ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនៅតែបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនឆ្ងាយពីប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ Apple កាលពីខែសីហា បានជួលដីទំហំ ៥០.៥ ហិកតានៅក្នុងខេត្ត Bac Giang ហើយគ្រោងសាងសង់រោងចក្រតម្លៃ ៣០០លានដុល្លារដែលមានកម្មករចំនួន ៣០,០០០នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress