អ្នកជំនាញ៖ វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី
អចលនទ្រព្យ January 11, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អ្នកជំនាញបានលើកឡើងថា វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី បន្ទាប់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញដោយ អនុញ្ញាតប្រជាពលរដ្ឋនិងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេសចិន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងនៅថ្ងៃនេះថា វិនិយោគិនចិនអាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសន្តានុពលមួយចំនួនផ្សេងទៀត។

ការប្រកាសបើកប្រទេសរបស់ចិន គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជាដោយសារ មុនពេលរីករាលដាលនៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូត ដល់៤០ភាគរយ ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។ កត្តាវិជ្ជមាននេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលនឹងធ្វើឱ្យវិស័យនេះ មានភាពរីកចម្រើននៅ ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យ។

លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា បើយើងក្រឡេកមកមើលពីស្ថានភាពទិញ លក់អចលនទ្រព្យនៅក្នុងទីផ្សារក្នុងស្រុកយើងវិញ ស្ថានភាពទិញលក់ បាននិងកំពុងងើប ឡើងវិញជាបណ្ដើរៗហើយ ជាក់ស្តែងដូចជាការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្តដល់ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូរ ឬផ្ទះល្វែងសម្រាប់ស្នាក់នៅគ្រានេះ ជាឱកាសល្អព្រោះតម្លៃក្នុងពេលកូវីដ-១៩ ស្ថិតនៅក្រោមតម្លៃទីផ្សារ។

លោកស្រី Catherine Chan ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោងខុនដូ Urban Village &Factory Phnom Penh បានលើកឡើងថា ដោយសារការសម្រេចបើកប្រទេស ឡើងវិញយ៉ាងឆាប់រហ័សពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យស្ថានភាពវិស័យសំណង់ខុនដូ ក្នុងទីផ្សារកម្ពុជា ហាក់មានសកម្មភាពកម្រើកឡើងវិញ ដែលជាឱកាសល្អសម្រាប់វិនិយោគិនបរទេស និងក្នុងស្រុកអាចសម្លឹងមើលឱកាសវិនិយោគក្នុងឧស្សាហ៍កម្មនេះជាបន្តទៀត។

គួររំលឹកថា បើផ្អែកតាមរបាយការណ៍ផ្លូវការបានបង្ហាញថា ចាប់តាំងពីប្រទេសកម្ពុជា ជួបប្រទះនឹងជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២១មក ការវិនិយោគរបស់ចិនលើវិស័យសំណង់ ធ្លាក់ចុះ៥០ភាគរយ ដោយសារមិនមានវត្តមាន អ្នកវិនិយោគចិន ចូលមកវិនិយោគលើ វិស័យនេះ។ ចំណែក៣០ភាគរយ ក្នុងចំណោម៥០ភាគរយ នៅមានសកម្មភាពសាងសង់ ហើយការសាងសង់នោះក៏នៅទ្រឹង ដោយសារមិនមានសកម្មភាពទិញលក់។ ប៉ុន្តែយ៉ាងណាក៏ដោយ ការវិនិយោគរបស់ចិន នៅតែឈរនៅលេខរៀងទី១ នៃការវិនិយោគសរុបក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា បើតាមសារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកឡើងថា វិស័យសំណង់ត្រូវបានព្យាករណ៍ថា នឹងបន្តងើបឡើងវិញ ក្នុងអត្រា ៧.២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់ ដែលបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម៕

ប្រភព៖ ក្រសួងព័ត៌មាន