ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប កំពុងបន្តជំរុញលើកទឹកចិត្តកសិករនៅក្នុងខេត្ត ឱ្យខិតខំប្រឹងប្រែងអនុវត្តកសិកម្មល្អ តាមរយៈការផ្តល់ជូនបច្ចេកទេសថ្មីៗ សម្ភារៈកសិកម្ម និងការចេញវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អជាដើម។
លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីបានប្រមូលផលស្រូវរួចរាល់ ប្រជាកសិករនៅក្នុងខេត្តសៀមរាប កំពុងមមាញឹកជាខ្លាំង ក្នុងការងារដាំដុះដំណាំបន្លែរបស់ខ្លួន ដើម្បីលក់បំពេញតម្រូវការទីផ្សារ។ លោកបន្តថា បច្ចុប្បន្ននេះ ប្រជាកសិករបានបើកចិត្តទទួល យកនូវបច្ចេកទេសថ្មីៗជាច្រើន ទាំងការប្រើប្រាស់ជីធម្មជាតិ ដើម្បីឱ្យការដាំទទួលបានទិន្នផលខ្ពស់ ផ្គត់ផ្គង់ទីផ្សារបានគ្រប់រដូវកាល ខណៈមន្ទីរកសិកម្មខេត្តនិងអង្គការដៃគូ បានខិតខំប្រឹងប្រែងផ្តល់ជូន សម្ភារៈកសិកម្មនិងបច្ចេកទេសថ្មីៗជាច្រើន ជាពិសេសជំរុញឱ្យកសិករអនុវត្តកសិកម្មល្អ ដើម្បីសុខុមាល ភាពទាំងអ្នកផលិតនិងអ្នកបរិភោគ ។
លោកបន្តទៀតថា ដើម្បីលើក ទឹកចិត្តដល់កសិករដែលយកចិត្តទុកដាក់ក្នុងការអនុវត្តកសិកម្មល្អ មន្ទីរបានសម្របសម្រួលជាមួយក្រសួងកសិកម្ម ផ្តល់វិញ្ញាបនបត្របញ្ជាក់កសិកម្មល្អ ដល់កសិករជា ច្រើនរួចមកហើយ ក្នុងនោះចាប់ តាំងពីឆ្នាំ២០២០មកដល់ឆ្នាំ ២០២២នេះ ក្រោយការវាយតម្លៃ និងយកសំណាកបន្លែទៅពិនិត្យនៅអគ្គនាយកដ្ឋានកសិកម្ម កសិករចំនួន២៥គ្រួសារបន្ថែមទៀត បានទទួលប័ណ្ណសសើរពីការអនុវត្តកសិកម្មល្អរបស់ខ្លួន។
បើយើងនិយាយទៅកសិករនៅក្នុងខេត្តសៀមរាប មិនថាកសិករខាងគម្រោង វាមានគម្រោងខ្លះ អង្គការខ្លះ មន្ទីរឬមួយក៏ស្ថាប័ន រដ្ឋយើងមានគម្រោងលាភ គម្រោងអេម គម្រោងផ្សេងៗ គម្រោង TSTDរបស់អគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាមន្ទីរកសិកម្ម គម្រោងក្រសួងកសិកម្មគឺយើងតែងតែបុកជួយទៅតាមគោលដៅដែលគេចង់បានច្រើន ទាំងផ្នែកគោលដៅដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី អន្ទង់និងកង្កែបអី យើងមានកម្មវិធីហ្នឹងជួយ ដែលអាចជួយតាមលទ្ធភាពដែលគម្រោងមានលទ្ធ ភាពផ្តល់ជូន។
លោក ហៃ វាសនា មានប្រសាសន៍បន្ថែមទៀតថា ទិសដៅបន្តនៅក្នុងឆ្នាំ២០២៣ខាងមុខ ឬឆ្នាំបន្តបន្ទាប់ទៀត មន្ទីរក៏ជួយបន្តជួយសម្រប សម្រួល និងជំរុញកសិករ ឱ្យខិតខំប្រឹងប្រែងក្នុងការអនុវត្តកសិកម្មល្អ ដើម្បីបង្កើនចំនួនបន្លែតាមតម្រូវការទីផ្សារ ការពារសុខភាពរបស់អ្នក ទទួលទាន និងអ្នកផលិតបន្លែជាដើម ។
សូមជម្រាបផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកសិកម្មចេះតែ អភិវឌ្ឍរីកចម្រើនឡើងជាលំដាប់ ក្នុងនោះប្រជាកសិករ ក៏ព្រមបើកចិត្តទទួលយកនូវបច្ចេកទេសថ្មីៗ ដែលក្រសួងកសិកម្មនិងអង្គការដៃគូបានផ្តល់ជូនធ្វើឱ្យបន្លែមាន គុណភាពល្អ បរិមាណនៃបន្លែក៏កើនឡើង ក៏អ្នកទទួលទានក៏មានភាពជឿជាក់ថា បន្លែដែលកសិករដាំដុះបានមានសុវត្ថិភាពល្អ៕
ប្រភព៖ ក្រសួងព័ត៌មាន



