ប្រទេសឡាវ រកចំណូលបានជាង ១,៧៦ប៊ីលានដុល្លារ ពីការ​នាំ​ចេញថាមពល​អគ្គិសនី នៅឆ្នាំ២០២២
អាជីវកម្ម December 19, 2022 Naren

(វៀងចន្ទន៍)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ឡាវបានរាយការណ៍ថា ប្រទេសឡាវរកចំណូលបានជាង ១,៧៦ប៊ីលានដុល្លារពីការនាំចេញអគ្គិសនីក្នុងឆ្នាំ២០២២ កើនឡើង៧.៥%ធៀបនឹងឆ្នាំមុន។ សម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាលឡាវ បានកំណត់គោលដៅនៃការបង្កើតថាមពលឱ្យបានយ៉ាងហោចណាស់ ៥១,១៣៤លានគីឡូវ៉ាត់ម៉ោង ដែលមានតម្លៃស្មើនឹងជាង ៤១,៣២ទ្រីលាន LAK (២,៤ប៊ីលានដុល្លារអាម៉េរិក) កើនឡើង ៧១,៧៧% ពីឆ្នាំនេះ។

ប្រភពបានឱ្យដឹងថា ប្រទេសឡាវកំពុងធ្វើពាណិជ្ជកម្មអគ្គិសនីជាមួយប្រទេសថៃ វៀតណាម កម្ពុជា សិង្ហបុរី និងចិន។ រដ្ឋាភិបាលរបស់ខ្លួនគ្រោងនឹងបន្តការចរចា និងលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្តូរអគ្គិសនីតាមរយៈប្រព័ន្ធបណ្តាញមួយទៅបណ្តាញ ដើម្បីជួយដោះស្រាយការខ្វះខាតអគ្គិសនីក្នុងរដូវប្រាំង និងស្តុកថាមពលបន្ថែមនៅរដូវវស្សា។

បច្ចុប្បន្នឡាវមានរោងចក្រថាមពលចំនួន៩០ នៅទូទាំងប្រទេសដែលមានសមត្ថភាពផលិតថាមពលសរុបបាន ១១ ០០០មេហ្កាវ៉ាត់ វារីអគ្គិសនីចំនួន៧៧កន្លែង ថាមពលពន្លឺព្រះអាទិត្យចំនួន៨កន្លែង និងរោងចក្រថាមពលជីវម៉ាស់ចំនួន៤ រួមជាមួយនឹងរោងចក្រថាមពលធ្យូងថ្មចំនួន ១ផងដែរ៕

ប្រភព៖ vietnamplus