(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ក្រុមការងារចុះពិនិត្យតាមដានស្ថានភាពការប្រមូលទិញស្រូវ និងកិនអង្ករនៅតាមរោងម៉ាស៊ីនចំនួន២៩ ក្នុងខេត្តចំនួន៥ រួមមានពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ការចុះពិនិត្យស្ថានភាពការប្រមូលទិញស្រូវ និងកិនអង្ករនៅតាមរោងម៉ាស៊ីន ក្នុងខេត្តសក្តានុពលនេះចាប់ផ្តើមចាប់តាំងពីថ្ងៃទី ៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ក្នុងពេលជួបជាមួយនឹងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំង អស់ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករឲ្យអស់តាមលទ្ធភាព និងតំលៃសមស្របតាមទីផ្សារផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីចុះពិនិត្យជាក់ស្តែងពីស្ថានភាពការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនឃើញថា តម្លៃស្រូវផ្ការំដួលដែលជួបបញ្ហាធ្លាក់ថ្លៃ កាលពីដើមរដូវប្រមូលផលនោះ ពេល នេះដល់ចុងរដូវស្ថិតនៅតម្លៃល្អ ដែលតម្លៃជាង១០បាត ដែលស្មើនឹង ១១៥០រៀលក្នុង១គីឡូក្រាម។ ឯកឧត្តមបណ្ឌិតបន្តថា មកដល់ពេលនេះ ក៏ចាប់ផ្តើមដល់ពេលប្រមូលផលស្រូវសែនក្រអូបផងដែរ ដែលតម្លៃក្នុងក្នុងស្ថានភាពល្អជាង ៩បាតក្នុង១គីឡូក្រាម។ដោយ ឡែកសម្រាប់ប្រភេទស្រូវ អ៉ីអ៊ែរ OM 5451ក៏តម្លៃល្អដែរ ដែលឡើងដល់ ៩៨០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះមិនធ្លាប់មានទេពីមុនមក។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា «ជារួមតម្លៃស្រូវរបស់បងប្អូន ប្រជាកសិករយើងនៅពេលនេះ គឺល្អណាស់ទាំងស្រូវផ្ការំដួល ស្រូវសែនក្រអូប និងស្រូវអ៉ីអ៊ែរ»។
គួរបញ្ជាក់ជូនថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលដែលផលស្រូវ របស់បងប្អូនប្រជាកសិករ នៅខេត្ត បាត់ដំបងនិងបន្ទាយមានជ័យជួបបញ្ហាធ្លាក់ថ្លៃ,រាជរដ្ឋា ភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន៕ ប្រភព៖ ទទក






