អង្គការមូលនិធិស្ត្រីដើម្បីស្ត្រី ផ្តល់ការងារដល់ស្ត្រីពិការជាច្រើន តាមរយៈការផលិតវត្ថុអនុស្សវរីយ៍
អាជីវកម្ម November 23, 2022 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន អង្គការមូលនិធិស្ត្រីដើម្បីស្ត្រី បានផ្តល់ឱកាសការងារដល់ស្ត្រីពិការជាច្រើន តាមរយៈការផលិត វត្ថុអនុស្សវរីយ៍ ដើម្បីធ្វើយ៉ាងណាជួយទៅដល់ស្ត្រីពិការនិងស្ត្រីដែលគ្មានការងារធ្វើ អាចរកប្រាក់ ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារបានមួយកម្រិតទៀត ។

លោកស្រី ញាន ចាន់វាសនា អនុប្រធានប្រតិបត្តិអង្គការមូលនិធិស្ត្រីដើម្បីស្ត្រី ( Women For Women Foundation ) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ចាប់តាំងពីបង្កើតអង្គការមូលនិធិស្ត្រីដើម្បីស្ត្រី គឺមានរយៈពេលជិត២០ឆ្នាំមកហើយ ដោយមិនដែលមានបំណងបោះបង់ឬទុកចោលនោះទេ ដោយសារតែ ការអាណិត ស្រឡាញ់ និងពេញចិត្ត បើទោះបីជាមានឧបសគ្គយ៉ាងច្រើនរាប់មិនអស់ត្រូវឆ្លងកាត់ក៏ដោយ ប៉ុន្តែនៅតែព្យាយាមពុះពារធ្វើជាបន្តទៀត ដោយផ្ដោតសំខាន់ទៅលើការផ្តល់ឱកាសដល់ស្ត្រីពិការ ឱ្យមាន ជំនាញមួយច្បាស់លាស់ និងមានការងារធ្វើ បន្ទាប់ពីការងារផ្ទះប្រចាំថ្ងៃ ។

លោកស្រីបានបន្តថា គ្រប់ផលិតផលទាំងអស់ដែលផលិតចេញពីអង្គការមូលនិធិស្ត្រីដើម្បីស្ត្រី ផ្តោតសំខាន់ទៅលើវត្ថុធាតុដើមរបស់ខ្មែរ ដែលរួមមាន ក្រណាត់សូត្រខ្មែរ ក្រណាត់កប្បាស ក្រណាត់កប្បាសលាយសូត្រ កន្ទេលជជោត កក់ ជាដើម ដែលច្នៃចេញទៅជាវត្ថុលម្អខ្លួន សម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ វត្ថុអនុស្សាវរីយ៍ កាដូវប្បធម៌ផ្សេងៗ ក្នុងគោលបំណងបង្ហាញទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ ពីការ ច្នៃប្រឌិតរបស់ស្ត្រីខ្មែរដែលមានពិការភាពនិងស្ត្រីក្រីក្រ ដែលបានតស៊ូមកពីខេត្តឆ្ងាយៗ ដើម្បីធ្វើការចិញ្ចឹម ខ្លួននិងគ្រួសារ។ លោកស្រីបន្ថែមថា ដោយចំណេះជំនាញប្រកបដោយសេចក្ដីថ្លៃថ្នូរ ព្យាយាម សម្រិតសម្រាំង និងផ្ចិតផ្ចង់បំផុតរបស់ស្រ្តីពិការបាន ធ្វើយ៉ាងណាឱ្យវត្ថុទាំងនេះ មានភាពស្រស់ស្អាត និងមានគុណភាព មិនចាញ់បរទេសនោះឡើយ។

លោកស្រីបានបន្ថែមថា បច្ចុប្បន្នផលិតផលរបស់អង្គការមូលនិធិស្ត្រីដើម្បីស្ត្រី កំពុងមានការទទួលស្គាល់ ពីប្រជាជនក្នុងស្រុក និងបណ្តាប្រទេសដទៃទៀត ដោយសារតែគុណភាព និងការផ្សព្វផ្សាយតាមបណ្តាញ សង្គមនានា ។ «ឥឡូវនេះគឺយើងលក់មានការប្រម៉ូតផលិតផលទាំងនេះ នៅតាមផេក តាមហ្វេសប៊ុកផ្សេងៗ ផងដែរ ដោយមានការដាក់ចិត្ដ ដាក់កាយ ធ្វើជាបន្តទៀត ហើយក្រុមខ្ញុំនេះ ក៏នៅតែមានការងារធ្វើជាបន្ត បន្ទាប់មក គ្រាន់តែសម្រាប់ការងារមានល្មមដែលយើងអាចគាំទ្រខ្លួនឯងបាននិងអ្នកនៅក្នុងក្រុម ហើយបើ និយាយពីផលិតផលនេះ បើនិយាយពីគុណភាពគឺអាចនិយាយបានថា ទទួលយកបាន ធ្វើបានស្អាត ទោះបីជាពួកគាត់ជាអ្នកពិការក៏ពិតមែន ប៉ុន្តែគាត់ធ្វើការងារមានបទពិសោធន៍ល្អនិងបានស្អាត បើប្រៀបធៀបជាមួយនឹងកន្លែងផ្សេងៗនោះ គឺអ្នកណាក៏គេអាចស្គាល់ថា ឥវ៉ាន់នេះគឺជារបស់ Women For Women ធ្វើបានស្អាតនិងល្អ ហើយអ្វីដែលផ្ដោតសំខាន់ទៀតនោះ គឺខ្ញុំចង់ឱ្យក្មេងៗដែលគាត់ មានគំនិតចង់ធ្វើដូចជាខ្ញុំនេះ គាត់យកខ្ញុំជាមេរៀន ដែលការតស៊ូរបស់យើងទម្រាំមកដល់ពេល គឺមិនមែន តស៊ូមួយឆ្នាំពីរឆ្នាំនោះទេ»។

លោកស្រីក៏បានថ្លែងអំណរគុណទៅដល់អតិថិជនក្នុងនិងក្រៅប្រទេស ដែលតែងតែគាំទ្រនិងស្រឡាញ់ ផលិតផលខ្មែរ ព្រោះនៅពេលដែលផលិតផលទាំងនេះមានទីផ្សារល្អ គឺនឹងជួយទៅដល់ស្ត្រី និងជួយធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ ។ សូមបញ្ជាក់ថា អង្គការមូលនិធិស្ត្រីដើម្បីស្ត្រី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ ។ ផលិតផលដែល ផលិតដោយអង្គការមូលនិធិស្ត្រីដើម្បីស្ត្រី ភាគច្រើននាំចេញទៅប្រទេសជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ជាដើម ៕

រូបភាព៖ Women for Women Foundation / Nomi Network Cambodia

ប្រភព៖ វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី