រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យអ្នកប្រកបអាជីវកម្មភ្ញាស់ពងទាកូននៅស្រែរនោង ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ​ និងផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបាន​ ទាំងគុណភាព​ ទាំងតម្លៃ​
អាជីវកម្ម November 22, 2022 Naren

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបអាជីវកម្មភ្ញាស់ពងទាកូន និងចិញ្ចឹមទា នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ឯកឧត្តម បានកោតសរសើរបងប្អូនប្រជាកសិករជាច្រើនគ្រួសារដែលផលិតពងទាកូន នៅឃុំស្រែរនោង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ប្រកបដោយឱជារស ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ ក្នុងនោះផងដែរ ឯកឧត្តម បានសរសេររៀបរាប់ថា៖ «កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់”​ អ្នកណាក៏នឹកដល់​ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។​ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ទាំង១៩ក្រុម​ ដែលរួមគ្នាផលិតពងទាកូនប្រកបដោយឱជារស។

ជាមួយគ្នានេះ ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ​ ព្រមទាំងមាន​ការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រេីនថែមទៀត​ សូមបងប្អូនបន្តរៀបចំញែកពងទាកូនតូច ល្មម​ និងធំ​ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ព្រមទាំងយកចិត្តទុកដាក់លេីរបៀបស្ងោរពងទាកូន​ផងដែរ។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ​ និងផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបាន​ ទាំងគុណភាព​ ទាំងតម្លៃ​ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោងយេីង»៕