សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វេីប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា
អាជីវកម្ម November 10, 2022 Naren

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអ្នកវិនិយោគបរទេសកាន់តែច្រើន ជាពិសេសជនជាតិវៀតណាម មកបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យដែលមានសក្តានុពលខ្ពស់ ដូចជា កសិកម្មទំនើប កែច្នៃម្ហូបអាហារ និងឧស្សាហកម្មធុនស្រាល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសសម្ដេចនិងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

សម្តេចបានឱ្យដឹងថា ក្នុងវិស័យពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានកំណើនប្រមាណជាង ៣៤% ក្នុងវិស័យវិនិយោគ តាមការរាយការណ៍របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឃើញថាការវិនិយោគឯកជន គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានការកើនឡើងប្រមាណ ១,៣% ប៉ុន្តែយើងពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជាសោះក្នុងឆ្នាំនេះ និងឆ្នាំ២០២១កន្លងទៅ ពុំដូចកាលពីមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលវិនិយោគិនវៀតណាម បានមកបណ្តាក់ទុនច្រើននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងវិស័យទូរគមនាគមន៍។ ក្នុងន័យនេះ សម្តេចសូមលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វេីប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាលជាដើម៕