សិប្បកម្មផលិតស្បែកជើង ដោយដៃច្នៃចេញពីស្បែកគោនៅស្រុកខ្សាច់កណ្ដាលកំពុងទទួលបានការគាំទ្រច្រើនពីអតិថិជន
អាជីវកម្ម November 4, 2022 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សិប្បកម្មផលិតស្បែកជើងដោយដៃច្នៃចេញពីស្បែកគោនៅស្រុកខ្សាច់កណ្ដាល កំពុងមានទីផ្សារល្អ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បនុ្នការកែឆ្នៃស្បែកជើងដោយដៃមិនសូវមានអ្នកផលិត ។

លោកស្រី ហួន ផល្លី ម្ចាស់អាជីវកម្មផលិតស្បែកជើង ស្ថិតនៅក្នុងភូមិ ព្រែកក្របៅទី៣ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រី បានចាប់របរផលិតស្បែកជើងនេះ អស់រយៈពេលជាង៩ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្មង់ ដល់ផ្ទះតែម្តង ។

លោកស្រីបន្តថា សម្រាប់ស្បែកជើងផលិតដោយដៃនេះ គឺផ្ដោតលើការយកស្បែកគោ និងស្បែកជ្រូកមកផលិត និងបានសម្រិតសម្រាំងយកគុណភាពជាចម្បង។ លោកស្រីបានបន្ថែមថា មូលហេតុដែលលោកស្រីចាប់យករបរនេះ ដោយសារតែលោកស្រីស្រឡាញ់ និងស្តាយជំនាញដែលក្រុមគ្រួសារលោកស្រីមាន ពិសេសគឺចង់ឲ្យប្រជាពលរដ្ឋខ្មែរបានដឹងថា ខ្មែរគឺមានសមត្ថភាពក្នុងការផលិតស្បែកជើងដោយដៃផ្ទាល់ មានគុណភាពខ្ពស់មិនចាញ់របស់នាំចូលទេ។ លោកស្រីបានប្រាប់វិទ្យុជាតិកម្ពុជាថា «ដំបូងបំផុតគឺជាអាជីវកម្មរបស់ប៉ាក្មេក ដែលគាត់ធ្វើពីដំបូងឡើយ ហើយនៅឆ្នាំ២០១២ហ្នឹងក៏គាត់ចង់បោះបង់ចោល អ៊ីចឹងទៅនៅឆ្នាំ២០១២ហ្នឹងខ្ញុំក៏ចូលរៀបការ នៅក្នុងគ្រួសារគាត់ ប៉ុន្តែដោយសារតែយើងស្ដាយចំណេះជំនាញដែលគាត់មាន ចឹងយើងអត់ចង់បោះបង់ចោលទេ ណាមួយយើងឃើញធនធានដែលគាត់មានស្រាប់អ៊ីចឹង យើងក៏ចាប់ផ្ដើមធ្វើវាបន្តដោយសារតែយើងស្ដាយ អ្វីដែលគាត់មាន ដោយសារយើងស្រឡាញ់ និងចង់ឱ្យប្រជាជនខ្មែរដឹងថាខ្មែរយើងអាចផលិតស្បែកជើងបាន»។

លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើង ផលិតបាន ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជន ឱ្យចូលរួមផលិតបន្ថែមទៀត ។ សូមបញ្ជាក់ថា អាជីវកម្មផលិតស្បែកជើងនេះ គឺបានបង្កើតឡើងនៅឆ្នាំ២០១២ ដោយមានសមាជិកចំនួន៥នាក់ និងមានផលិតស្បែកជើងរួមមាន ស្បែកជើងមនុស្សស្រី មានតម្លៃ ចាប់ពី១៧ដុល្លារទៅ១៨ដុល្លារ ស្បែកជើងមនុស្សប្រុសមានតម្លៃ ចាប់ពី២០ដុល្លារទៅ២៦ដុល្លារ និងស្បែកជើងកូនក្មេងមានតម្លៃចាប់ពី ៥ដុល្លារទៅ១០ដុល្លារក្នុងមួយគូ៕

ប្រភព៖ ក្រសួងព័ត៌មាន វិទ្យុជាតិកម្ពុជា ៖ កញ្ញា ម៉ៅ សុខរីម