ក្រុមហ៊ុនផ្លូវដែកកម្ពុជា Royal Railways បោះលក់មូលបត្របំណុលតម្លៃ ១០លានដុល្លារជាផ្លូវការ
អាជីវកម្ម November 1, 2022 Naren

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងផ្សារមូលបត្រកម្ពុជា (ផមក) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្របំណូលជាផ្លូវការរបស់ ក្រុមហ៊ុន រ៉ូយ៉ាល រេលវេ។ មូលបត្របំណូលនេះមានឈ្មោះថា «សញ្ញាបណ្ណសាជីវកម្ម រ៉ូយ៉ាល់ រេលវេ» ជាសញ្ញាបណ្ណធម្មតាដែលមានទំហំសរុប ៤១ប៊ីលានរៀល (ប្រមាណជា១០លានដុល្លារអាមេរិក) ជាមួយអត្រាគូប៉ុង ៧.០% ក្នុងមួយឆ្នាំ និងមានឥណប្រតិទានរយៈពេល១០ឆ្នាំ។

នៅក្នុងពិធីនេះអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក បានលើកឡើងថាផ្លូវដែក គឺជាគោលដៅមួយក្នុងការសម្រេចបាននូវសេវាកម្មដឹកជញ្ជូន និងជួយដល់ការរីកចម្រើនសេដ្ឋកិច្ច។ គួរកត់សម្គាល់ផងដែរថា ផ្លូវដែកនេះបានចាប់ផ្តើមដំណើរការឡើងវិញក្នុងឆ្នាំ២០១០ ជាមួយលទ្ធផលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើង ៣៤% គិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដូច្នេះសញ្ញាបណ្ណលើកទីពីរដែលនឹងត្រូវចុះបញ្ជីនៅចុងឆ្នាំនេះមានទំហំប្រមាណជា ២០លានដុល្លារអាមេរិកបន្ថែមទៀតនោះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត និងការវិនិយោគបន្តលើផ្លូវដែក។ ហើយទឹកប្រាក់ដែលបានពីការបោះផ្សាយនេះនឹងអាចអនុញ្ញាតឱ្យក្រុមហ៊ុនយើង ទិញបន្ថែមនូវទូរថភ្លើងចំនួន ១៣០ និងក្បាលរថភ្លើងចំនួន៤ផ្សេងទៀត បូករួមទាំងឧបករណ៍ថ្មីដែលនឹងធ្វើទំនើបកម្មលើផ្លូវដែកបន្ថែមទៀត។

ក្នុងកម្មវិធីនេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផមក បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃចុះបញ្ជីនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៧ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៨ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ ហើយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ នឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណូលបន្ថែមយ៉ាងតិចចំនួន៣ក្រុមហ៊ុនទៀត៕