កម្ពុជា ចាប់ផ្តើមនាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន
អាជីវកម្ម October 28, 2022 Naren

(ភ្នំពេញ)៖ ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ខែតុលា ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំងពីរ ឆ្នាំ២០២២នេះ ត្រីប្រា ផ្លែពោត និងផ្លែមៀនត្រូវបានជំរុញនិងអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនជាបន្តបន្ទាប់យ៉ាងជោគជ័យ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បន្តថា ក្នុងការនាំចេញផ្លែមៀនកម្ពុជាទៅប្រទេសចិនប្រកបដោយជោគជ័យនៅទីនេះ នេះជាសមិទ្ធផលជាក់ស្តែងដ៏សំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងចិននិងកម្ពុជាក្រោមបរិបទនៃជំងឺកូវីដ១៩ នឹងផ្តល់ជាអត្ថប្រយោជន៍ជាក់ស្ដែងជូនដល់ប្រជាជនទាំងពីរ និងបានជួយជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងថា នេះគឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ចាប់ពីឆ្នាំ២០១៩ដល់ចុងខែមិថុនាឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកសិផលសរុបចំនួន២.៤លានតោនទៅកាន់ប្រទេសចិន ដែលស្មើនឹងទឹកប្រាក់ចំនួន១៩៤២លានដុល្លារអាមេរិក។ ប្រទេសចិនគឺជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតសម្រាប់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយចាប់តាំងពីឆ្នាំ២០១៩មក កសិផលកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនជាបន្តបន្ទាប់រួមមានចេក ស្វាយ ត្រីប្រា ពោត និងមៀន។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងជំរុញពន្លឿនការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមទៀតរួមមានដូចជាម្រេច ជលផល សំបុកត្រចៀកកាំ ដូងជាដើម៕

ប្រភព៖ ស្ថានទូតចិននៅកម្ពុជា / ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ