ក្រឡានថ្មគ្រែ និងណែមខេត្តក្រចេះ នៅតែមានការគាំទ្រច្រើនពីអ្នកបរិភោគ
អាជីវកម្ម October 26, 2022 Naren

(ក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាក្រឡានថ្មគ្រែ និងណែមខេត្តក្រចេះ នៅតែមានការគាំទ្រពីអ្នកបរិភោគហើយត្រូវបានគេទទួលស្គាល់ថា គឺជាអាហារដែលពេញនិយម និងមានរសជាតិឈ្ងុយឆ្ងាញ់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ប៊ុនណា ជាអ្នកលក់ក្រឡាននៅក្រុងក្រចេះបានឲ្យដឹងថា លោកបានប្រកបមុខរបរលក់ក្រឡានអស់ពីរយៈពេលជាង៧ឆ្នាំមកហើយដោយក្នុងមួយថ្ងៃគាត់អាចលក់ក្រឡាបានពី៤០ទៅ៥០គីឡូក្រាមនិងណែមពី២០០ណែមទៅ៣០០ណែមសម្រាប់ថ្ងៃធម្មតា បើថ្ងៃបុណ្យទានដាច់ច្រើនជាងនេះទ្វេដង។ លោកបន្តថា ចំណូលប្រចាំថ្ងៃដែលរកបានពីការលក់ក្រឡាននិងណែមជាមធ្យមចន្លោះពី ៣០ម៉ឺនរៀលទៅ៤០ម៉ឺនរៀល ដែលអាចសម្រួលជីវភាពបានមួយកម្រិត។

លោកបន្តទៀតថា បានជាណែមនិងក្រឡាថ្មគ្រែនៅតែមានការគាំទ្រពីអ្នកបរិភោគហូរហែមិនចេះដាច់គឺដោយសារអ្នកផលិតបានជ្រើសរើសត្រីឆ្លាតធម្មជាតិស្រស់ៗដែលរកបានពីទន្លេមេគង្គមកផលិតជាណែមតែម្តង។ដោយឡែក ក្រឡានថ្មគ្រែវិញ ដើម្បីធ្វើឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ គឺគេផលិតវាតាមដំណាក់កាលនីមួយៗយ៉ាង សម្រិតសម្រាំង ទាំងការវេចខ្ចប់ សោភ័ណភាព និងអនាម័យ ហើយ ការតាំងលក់នោះក៏ត្រូវរៀបឱ្យមានរបៀបរៀបរយផងដែរទើបមានការទាក់ទាញពីអ្នកធ្វើដំណើរឆ្លងកាត់នៅតាមតំបន់នោះ។

ណែមខេត្តក្រចេះមានគេគាំទ្រច្រើនព្រោះអ្នកផលិតនៅតែបន្តរក្សាគុណភាពដដែលដោយសាច់ត្រីគឺយកមកពីទន្លេក្នុងខេត្តក្រចេះតែម្តងដោយមិនបានយកមកពីឆ្ងាយទេ។រីឯក្រឡានក៏គុណភាពនៅឆ្ងាញ់ដដែលដូចគ្នាហើយតម្លៃក៏មិនថ្លៃដែរដោយក្នុង១គីឡូ៧០០០រៀលទេ។ លោកបញ្ជាក់ថា ក្រឡាន និងណែម គឺជាចំណីអាហារមួយប្រភេទ ដែលប្រជាជនខ្មែររស់នៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ និយមធ្វើជាលក្ខណៈគ្រួសារ សម្រាប់បរិភោគ និងលក់ដូរ ដើម្បី ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ក្រសួងព័ត៌មាន